ខេត្តកណ្តាល៖ រថយន្តប្រភេទ V1 ដឹកកុងតឺន័រ បានបើកបុករថយន្តដឹកថ្មពីក្រោយ បណ្តាលឱ្យក្រឡាប់ចាក់កំពប់ថ្មល្បាយពេញលើកំណាត់ផ្លូវមហាវិថីស៊ីជីនពីង (ខាងលិចបឹងត្នោត ៥០០ម៉ែត្រ) ស្ថិតក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បណ្តាលឱ្យស្ទះចរាចរណ៍រាប់ម៉ោង និងខូចខាតសួនច្បារចែកទ្រូងផ្លូវ។
សមត្ថកិច្ចបានឱ្យដឹងថា ភាគីរថយន្តដឹកថ្មមានឈ្មោះ វ៉ន វីន ភេទប្រុស អាយុ ២៤ឆ្នាំ (រងរបួសស្រាល) មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបររថយន្តប្រភេទបែនដឹកថ្មពេញ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-4902 (រថយន្តក្រឡាប់ចាក់ថ្មពេញមួយចំហៀងផ្លូវ រងការខូចខាតធ្ងន់ប្រមាណ ៧០ភាគរយ)។
ចំណែកភាគីរថយន្ត V1 ផ្ទុកទូកុងតឺន័រ បើកបរដោយឈ្មោះ លី កក្កដា ភេទប្រុស អាយុ ២៩ឆ្នាំ (រងរបួសស្រាល) មានទីលំនៅភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើករថយន្តក្បាលពាក់ស្លាកលេខ ភ្នំពេញ 3C-7363 និងសឺមីសណ្តោងពាក់ស្លាកលេខ ភ្នំពេញ 4B-5201 (រថយន្តខូចខាតប្រមាណ ២០ភាគរយ)។
តាមការបំភ្លឺពីអ្នកបើកបររថយន្តបែនដឹកថ្ម បានឱ្យដឹងថា នៅពេលខ្លួនបើកបរក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងឈប់អែបក្បែរផ្លូវខាងមុខ ដោយម្ចាស់រថយន្តទើបតែចេញពីហូបបាយ ហើយបានបើករថយន្តចាកចេញទៅមុខ រួចខ្លួនដែលបើកមកពីក្រោយក៏បានបង្អង់ល្បឿន និងងាកក្បាលរថយន្តចេញទៅឆ្វេងចូលគន្លងផ្លូវទី១ ស្រាប់តែមានរថយន្តប្រភេទ V1 ដឹកកុងតឺនើ បើកមកពីក្រោយក្នុងល្បឿនលឿន បុកគូថរថយន្តខ្លួនពីក្រោយបណ្តាលឱ្យក្រឡាប់តែម្តង។ ដោយឡែក អ្នកបើកបររថយន្ត V1 បានឆ្លើយប្រាប់ថា មកពីរថយន្តបែនមិនបត់ស៊ីញ៉ូឆ្វេង ទើបខ្លួនមើលមិនឃើញ និងជាន់ហ្វ្រាំងមិនទាន់។
ក្រោយពេលសមត្ថកិច្ចជំនាញពិនិត្យ និងវាស់វែងរួច បានអញ្ជើញភាគីទាំងសងខាងទៅធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ ចំណែកម្ចាស់រថយន្តដែលបង្កការខូចខាតសម្បត្តិសាធារណៈរបស់រដ្ឋ (បាក់រាបដើមឈើលម្អសួនចែកទ្រូងផ្លូវជិត ១០ដើម) ត្រូវចូលខ្លួនទៅដោះស្រាយនៅមន្ទីរប្រជាពលរដ្ឋ និងសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច