ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៥:៥០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់យីហោ «ចំការខ្នុរ» ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ វីរៈ រ៉ាដា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ MMO បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
* គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ១,៧៥ក្រាម
* ទូរសព្ទដៃចំនួន ០២គ្រឿង
* សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន
បន្ទាប់មក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយការឃាត់ខ្លួន និងសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកដើម្បីប្រើប្រាស់ដោយខ្លួនឯងពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច