ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជធានីភ្នំពេញនឹងមានលំហសាធារណៈ រួមទាំងសួនសាធារណៈដែលមានដើមឈើជាច្រើននៅបឹងតាមោក លើផ្ទៃដី ៧៥ហិកតា ដើម្បីផ្តល់ជាកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណ ដើរលេងកម្សាន្ត និងសម្រាកលំហែ ដោយគិតមកដល់ពេលនេះ សួនលំហែថ្មីនេះ ការដាំដើមឈើសម្រេចបាន ៨០ភាគរយហើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងពាក់ព័ន្ធនឹងសួនលំហែថ្មីនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា៖ «ដើម្បីផលប្រយោជន៍ យើងបាននិងកំពុងរៀបចំជាសួនសាធារណៈនៅបឹងតាមោក ដោយយើងបានដាំដើមឈើបានយ៉ាងច្រើនដើម ជាមួយនឹងយើងបានចាក់ដីរាប់លានម៉ែត្រគូបរួចហើយ។ ទីតាំងសួនសាធារណៈនៅបឹងតាមោក ក៏ត្រូវបានគេចង់ចែចូវច្រើនដែរ តែសម្តេចថាមិនលក់ទេ ដោយទីតាំងនេះត្រូវទុកធ្វើជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋបានមកដើរលេងកម្សាន្ត»។
សម្តេចបានបន្តថា សួនសាធារណៈនៅបឹងតាមោកនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដាំដើមឈើបានច្រើនហើយ ហើយបន្តិចទៀតនៅទីនោះនឹងរៀបចំជាកន្លែងបរិស្ថានសាធារណៈ។ ដូច្នេះ លំហសាធារណៈវានឹងកាន់តែមានច្រើនសម្រាប់អ្នកភ្នំពេញ។ បើយករូបមន្តដូចផ្លូវថ្មើជើងចតុមុខ ថ្ងៃក្រោយកុំឱ្យពិបាកជិះទៅឆ្ងាយ អ្នកដើរលេងកម្សាន្តត្រូវចែកគ្នាទៅលេងកីឡានៅទីនោះ ដើម្បីសុខភាព។
សូមបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានមានប្រសាសន៍ក្នុងពិធីប្រកាសផ្សព្វផ្សាយការដាក់ឱ្យអនុវត្តផ្លូវការផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ២០២៦-២០៣០ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា៖ ការបង្កើតឱ្យមានសួនលំហែមួយនៅភាគខាងជើងឈៀងខាងលិច ដែលមានផ្ទៃដី ៧៥ហិកតា ដែលគិតមកដល់ពេលនេះ សួនលំហែថ្មីនេះយើងបានដាំដើមឈើសម្រេចបាន ៨០%ហើយ។ រីឯសួនលំហែលើផ្ទៃដីជាង ៣ហិកតានៅភាគខាងលិចរាជធានីភ្នំពេញ ក៏កំពុងរៀបចំជិតរួចរាល់ហើយដែរ៕

ដោយ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច