ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ ០២នាក់ ផ្លោះរបងតុលាការខេត្តកំពង់ស្ពឺ រត់បាត់ស្រមោល ពេលបញ្ជូនខ្លួនទៅអយ្យការដើម្បីសួរនាំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ០២នាក់ បានផ្លោះរបងសាលាដំបូងខេត្តកំពង់ស្ពឺ រត់បាត់ស្រមោល ក្រោយមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនខ្លួនទៅកាន់អយ្យការដើម្បីសួរនាំ។ ករណីនេះបានកើតឡើងនៅម៉ោងប្រមាណ ១០:០០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ។

ប្រភពពីមន្ត្រីនគរបាល បានឱ្យដឹងថា ជនសង្ស័យដែលបានរត់គេចខ្លួន មានភេទប្រុស ជាប់ពាក់ព័ន្ធនឹងបទល្មើសលួច និងប្លន់។ ជនសង្ស័យបានផ្លោះរបងខាងក្រោយអគារសាលាដំបូង ជាប់នឹងបន្ទប់ទឹក រត់គេចទាំងដៃជាប់ខ្នោះ (ដាក់ម្ខាងម្នាក់) បាត់ស្រមោល។

ជុំវិញការធ្វេសប្រហែសបណ្តោយឱ្យជនសង្ស័យ ០២នាក់រត់គេចខ្លួននេះ លោកឧត្តមសេនីយ៍ទោ **ឃឹម សុកខៃ** ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់នៅរសៀលថ្ងៃដដែលនេះថា កម្លាំងជំនាញបាននិងកំពុងដុតដៃដុតជើងក្នុងការស្វែងរក ដើម្បីចាប់ខ្លួនយកមកទទួលទោសវិញ ប៉ុន្តែគិតមកទល់ម៉ោងនេះ នៅមិនទាន់អាចនាំខ្លួនជនសង្ស័យបាននៅឡើយទេ។

ពាក់ព័ន្ធនឹងករណីជនសង្ស័យរត់គេចខ្លួននេះ ប្រជាពលរដ្ឋនៅក្បែរនោះបានឱ្យដឹងថា មិនមែនកើតមានឡើងតែមួយលើកនោះទេ កន្លងមកក៏ធ្លាប់កើតមានដែរបែបនេះ ដែលជាការធ្វេសប្រហែសរបស់មន្ត្រីនគរបាលជំនាញក្នុងការគ្រប់គ្រង និងការពារជនសង្ស័យពេលបញ្ជូនទៅតុលាការ៕

ដោយ៖ សុខហេង


ចែករំលែក៖