ខេត្តកណ្តាល៖ ករណីអគ្គិភ័យបានឆាបឆេះព្រះវិហារវត្តស្លាកែត បណ្តាលឱ្យខូចខាតសម្ភារខាងក្នុងស្ទើរទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចព្រះវិហារវត្តស្លាកែត ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ព្រះគ្រូចៅអធិការវត្តស្លាកែត និងជាអនុគណស្រុកកៀនស្វាយ ព្រះនាម **ឃឹម សុផន** បានមានសង្ឃដីកាថា ករណីអគ្គិភ័យឆេះព្រះវិហារផ្នែកខាងក្នុងនេះ គឺបណ្តាលមកពីការទុស្សេខ្សែភ្លើង បង្កឱ្យឆេះសម្ភារស្ទើរទាំងស្រុង។
ហេតុការណ៍ខាងលើបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ គណៈកម្មការវត្ត ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ផងដែរ។
ជុំវិញគ្រោះអគ្គិភ័យខាងលើនេះដែរ ព្រះគ្រូចៅអធិការវត្តស្លាកែត បានមានសង្ឃដីកាអំពាវនាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តទូទាំងស្រុកកៀនស្វាយ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយត្រូវត្រួតពិនិត្យមើលខ្សែភ្លើងចាស់ៗ ប្រសិនបើអាច គួរផ្លាស់ប្តូរចេញ ហើយជំនួសដោយខ្សែភ្លើងថ្មី ដើម្បីចៀសវាងកុំឱ្យកើតមានករណីទុស្សេខ្សែភ្លើងដូចករណីខាងលើនេះទៀត៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច