ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញផ្ទាល់ពីឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ជាមួយនឹងការចូលរួមសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈ សម ភេទប្រុស ជនជាតិខ្មែរ ពាក់ព័ន្ធនឹងករណីលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក និងកែបន្លំឈ្មោះគណនីធនាគារដើម្បីឆបោកប្រាក់។
តាមការស៊ើបអង្កេតបានរកឃើញថា ជនសង្ស័យបានប្រគល់គណនីធនាគារផ្ទាល់ខ្លួនដែលមានឈ្មោះ CHHEAN SOKMENG ឱ្យទៅជនអនាមិក ជាថ្នូរនឹងផលប្រយោជន៍មួយចំនួន។ ក្រោយពីទទួលបានគណនីធនាគាររបស់ជនសង្ស័យខាងលើមកកាន់កាប់ ជនអនាមិកបានកែឈ្មោះគណនីធនាគារនេះទៅជា KORN MENGKEA by S.C (លេខគណនី 125 072 409 074 195)។ បន្ទាប់មក ជនអនាមិកបានធ្វើសកម្មភាពលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុករបស់អ្នកដទៃ រួចទាក់ទងបោកបញ្ឆោតយកប្រាក់ពីជនរងគ្រោះជាច្រើននាក់ ដោយប្រើប្រាស់គណនីធនាគារខាងលើនេះ ដើម្បីជាមធ្យោបាយទទួលផលនៃបទល្មើស។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក និងអំពាវនាវយ៉ាងទទូចដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការលួងលោម សន្យាផ្តល់ប្រាក់កម្រៃ ឬផលប្រយោជន៍ផ្សេងៗពីជនមិនស្គាល់មុខ ដើម្បីជាថ្នូរនឹងការលក់ ឬឱ្យខ្ចីគណនីធនាគារ ដោយអំពើនេះគឺជាការសមគំនិតក្នុងបទល្មើសឧក្រិដ្ឋ ដែលនាំឱ្យលោកអ្នកត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច