ព័ត៌មានទាន់ហេតុការណ៍៖

បារាំងបិទទ្វារព្រះវិហារអិស្លាម៤កន្លែងបន្ថែមទៀត ធ្វើឲ្យការបិទទ្វារកើនឡើងដល់២០កន្លែង

ចែករំលែក៖

ជាមួយនឹងការបិទព្រះវិហារអិស្លាម៤កន្លែងបន្ថែមទៀត ធ្វើឲ្យ ការបិទទ្វារព្រះវិហារអិស្លាមចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥ មកទល់ពេលនេះមានព្រះវិហារអិស្លាមជាង ២០កន្លែងត្រូវបានបិទទ្វារ ដោយសារតែមានទស្សនៈជ្រុលនិយម ។

ក្រសួងមហាផ្ទៃបារំាងបានសម្រេចបិទទ្វារព្រះវិហារអិស្លាម៤កន្លែង នៅទីក្រុង Ile De France ដោយសារតែបានបង្ហាត់បង្រៀនទស្សនៈ ទ្រឹស្តីជ្រុលនិយម ។

នៅក្នុងការប្រកាសមួយរបស់ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា ការបិទទ្វារខាងលើ ទៅលើព្រះវិហារ៤កន្លែង ដោយសារតែមានទស្សនៈផ្ទុយទៅនឹងច្បាប់អនុញ្ញាត ។ ការសម្រេចពឹងផ្អែកទៅលើច្បាប់ ក្នុងមាត្រាទី៨ នៃច្បាប់អាសន្ន ដើម្បីរារាំងការបញ្ចូលមនោគមន៍វិជ្ជាជ្រុលនិយម ជម្រុញឲ្យមានការវាយប្រហារភេរវកម្មនៅក្នុងប្រទេសនេះ ។

តាមក្រសួងមហាផ្ទៃបារាំង ព្រះវិហារខាងលើតែងតែប្រមូលផ្តុំប្រជុំគ្នា ផ្សព្វផ្សាយទស្សនៈ ផ្ទុយទៅនឹងតម្លៃនៃសាធារណរដ្ឋ ហើយអាចបង្កឲ្យមានការគំរាមកំហែងដល់សន្តិសុខជាតិ ។ ជាក់ស្តែងព្រះវិហារ Al Islah នៅទីក្រុង Villiers Sur Marne ស្ថិតនៅក្នុងខេត្ត Val De Marne ដែលជាទីតាំងបង្ហាត់បង្រៀនដោយអាថ៍កំបាំង ។

ទីតាំងខាងលើជាកន្លែងចុះឡើងរបស់ជនល្មើស ១២នាក់ ដែលបានកាត់ទោសកាលពីខែមេសា កន្លងមក ក្រោយពេលចូលរួមនៅក្នុងបណ្តាញជ្រើសរើសក្រុមឧទ្ទាមទៅចូលរួមនៅស៊ីរី ។

ខេត្ត Yvelines កន្លែងសក្ការៈ Ecquevilly ក៏ត្រូវបានបិទទ្វារ ដោយសារតែទីនោះទទួលរងឥទ្ធិពលពីក្រុមអិស្លាមជ្រុលនិយម Salafist និងអនុវត្តច្បាប់អិស្លាមតឹងតែង ក៏ដូចជាអំពាវនាវឲ្យមានការប្រកាន់ពូជសាស្ត្រ និងចងគំនុំ បង្កអំពើហិង្សាជាដើម។

ខេត្ត Seine Saint Denis ក្នុងពិធីបួងសួងជារៀងរាល់ថ្ងៃសុក្រ ព្រះវិហារ ArRavda បានទទួលស្វាគមន៍មនុស្សប្រមាន៦០០នាក់ ក្នុងនោះ មានក្រុមឧទ្ទាមស្ថិតនៅក្នុងបញ្ជីតាមដានរបស់បារាំង និងជាអ្នកឡើងគម្រោងវាយប្រហារភេរវកម្មនៅក្នុងប្រទេសនេះ ។ ក្រៅពីនេះ នៅមានព្រះវិហារ Masjid Al Fath ដែលជាទីសក្ការៈរបស់ជនជាតិអិស្លាមនៅទីក្រុង Clichy Sous Bois ក៏ត្រូវបានបិទទ្វារផងដែរ ៕ ម៉ែវ សាធី

mosque-706202


ចែករំលែក៖