ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅសាលាសន្សំកុសលភូមិកណ្តាលកោះសូទិន សម្តេច វិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីប័ង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានជាអាទិ៍: មាតា បិតា ជីដូន ជីតា ព្រមទាំងញា្ញតិកា៧សន្តាន ដែលបានធ្វើមរណកាល កន្លងទៅនោះ និងចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ប្រារព្ធពិធីកាន់បិណ្ឌ(បិណ្ឌ៨) នៅវត្តវិសុទ្ធិវង្សា (ហៅវត្តកណ្តាលកោះសូទិន) ស្ថិតនៅភូមិកណ្តាលកោះសូទិន(ដែលជាភូមិកំណើតរបស់ សម្តេចផ្ទាល់) ក្នុងឃុំ និងស្រុកកោះសូទិន ខេត្តកំពង់ចាម ។
នាឱកាសនោះ សម្តេចភក្តី សូមជូនមគ្គផលកុសលផលបុណ្យ ដែល សម្តេច និងក្រុមគ្រួសារបានប្រារព្ធធ្វើ ទាំងនៅក្នុងពិធីប័ង្សុកូល និងនៅវត្តវិសុទ្ធិវង្សា(កណ្តាលកោះសូទិន) នាថ្ងៃកាន់បិណ្ឌវេនទី៨នេះ ជូនដល់ព្រះសង្ឃនិងពុទ្ធបរិស័ទដែលបានអញ្ជើញមកចូលរួមទាំងអស់ និងសូមឧទិ្ទសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធកម្មាភិបាល យុទ្ធជន ប្រជាជនអ្នកតស៊ូបដិវត្តទាំងអស់ រួមទាំងវីរយុទ្ធជនសមរភូមិមុខ ដែលបានពលីជីវិតក្នុងការប្រយុទ្ធជាមួយពួកចោរសៀមឈ្លានពាន ការពារបូរណភាពទឹកដីក្នុងពេលកន្លងទៅថ្មីៗនេះផងដែរ។
វត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះដែរ មានជាអាទិ៍ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត ជាសមាជិកគណៈអភិបាលខេត្ត និងអាជ្ញាធរស្រុក និងឃុំ ជាច្រើនរូប ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច