ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam មួយកន្លែង អគារកញ្ចក់ កម្ពស់៣០ជាន់ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរជិត ៦០០នាក់។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក អ៊ី សុឃី អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត។
មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ ចាប់ខ្លួនជនសង្ស័យសរុបចំនួន ៥៨៧ នាក់ ក្នុងនោះស្រី ១០៥ នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី ៥១៨ នាក់(ស្រី៧៦នាក់) ថៃ ១៨នាក់(ស្រី៦នាក់) និងខ្មែរ ៥១ នាក់(ស្រី២១នាក់)។
បើយោងតាមមន្ត្រីនគរបាលអគ្គស្នងការជាតិ បានបញ្ជាក់ថា មេខ្លោងនៃបទល្មើសឆបោកមួយកន្លែងនេះ គឺជាជនជាតិថៃ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារជាច្រើនផងដែរ។
សូមបញ្ជាក់ថា ៖ ការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) បាន និងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងទូលំទូលាយដល់ប្រទេសជាតិលើគ្រប់វិស័យ រួមមាន៖
១. ផលប៉ះពាល់លើផ្នែកសេដ្ឋកិច្ច
-ការបាត់បង់លំហូរថវិកាក្នុងស្រុក
-ប្រាក់ដែលពលរដ្ឋរងគ្រោះត្រូវបានបោកប្រាស់ ភាគច្រើនត្រូវចោរឆបោកផ្ទេរចេញទៅក្រៅប្រទេស ដែលធ្វើឱ្យបាត់បង់ចរន្តសាច់ប្រាក់ និងថវិកាក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ!
ការធ្លាក់ចុះនៃការវិនិយោគបរទេស (FDI)៖ វិនិយោគិនបរទេសមានការរងាក្រើន និងខ្វះទំនុកចិត្តក្នុងការនាំទុនមកវិនិយោគ ដោយសារបារម្ភពីសុវត្ថិភាពផ្លូវច្បាប់ និងបរិយាកាសធុរកិច្ច។
ប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍៖
-ព័ត៌មានអវិជ្ជមានអំពីការឆបោក ឬការចាប់ជម្រិតតាមអនឡាញ ធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិមានការភ័យខ្លាច និងលុបចោលកាលវិភាគធ្វើដំណើរមកកម្សាន្ត។
២. ផលប៉ះពាល់លើផ្នែកសន្តិសុខ និងកិត្យានុភាពជាតិ
-ខូចខាតកិត្តិយស និងកិត្យានុភាពនៅលើឆាកអន្តរជាតិ៖ -ប្រទេសជាតិអាចរងការចាត់ថ្នាក់ ឬមើលឃើញថាជាទីតាំងមិនមានសុវត្ថិភាព ឬជាជម្រកនៃបទល្មើសបច្ចេកវិទ្យា (Cybercrime Hub)!
បញ្ហាសន្តិសុខផ្ទៃក្នុង និងបទល្មើសឆ្លងដែន៖ អនឡាញស្កែមច្រើនតែមានការប្រព្រឹត្តល្មើសជាប្រព័ន្ធ ដោយភ្ជាប់ជាមួយបទល្មើសផ្សេងទៀត ដូចជា ការជួញដូរមនុស្ស ការបង្ខាំងមនុស្សដោយខុសច្បាប់ និងការលាងលុយកខ្វក់។
៣. ផលប៉ះពាល់លើផ្នែកសង្គម និងផ្លូវចិត្តពលរដ្ឋ
-ការបាត់បង់ទំនុកចិត្តលើប្រព័ន្ធបច្ចេកវិទ្យា៖ ពលរដ្ឋមានការភ័យខ្លាច និងខ្វះទំនុកចិត្តលើការប្រើប្រាស់សេវាធនាគារអនឡាញ (Digital Banking) ឬការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-commerce) ដែលជាឧបសគ្គដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
វិបត្តិហិរញ្ញវត្ថុគ្រួសារ និងសុខភាពផ្លូវចិត្ត៖ ជនរងគ្រោះជាច្រើនត្រូវធ្លាក់ខ្លួនក្នុងបំណុល បាត់បង់ប្រាក់សន្សំមួយជីវិត បង្កជាវិបត្តិផ្លូវចិត្ត (បាក់ទឹកចិត្ត) និងអាចឈានទៅដល់ការបែកបាក់គ្រួសារ ឬបញ្ហាសង្គមផ្សេងៗ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច