ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋស្រុកភ្នំក្រវាញរាយការណ៍មកថា លោក នាយសង្កាត់រដ្ឋបាលព្រៃឈើលាច និងបក្ខពួក ដែលគេសង្កេតឃើញមិនបង្រ្កាបការដឹកជញ្ជូនផលអនុផលព្រៃឈើទ្រង់ទ្រាយធំនោះទេ បែរជាមកបង្រ្កាបគោយន្តប្រជាពលរដ្ឋដឹកឈើអារសម្រាប់ធ្វើលំនៅដ្ឋានបន្តិចបន្តួចប៉ុណ្ណោះ យកមកបង្ខាំងទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលលាច ត្រូវបានគេសង្ស័យបង្ខាំងទុកដើម្បីគៀបយកលុយ ។
ប្រភពខាងលើបន្តថា ហេតុការណ៍នេះត្រូវបានគេឃើញកើតឡើងកាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយគោយន្តកន្រ្តៃដឹកឈើអារដែលក្រុមលោកនាយសង្កាត់រដ្ឋបាលព្រៃឈើលាច និងបក្ខពួកធ្វើការបង្រ្កាបយកមកបង្ខាំងទុកនោះ អស់រយៈពេលចំនួន ៣ថ្ងៃ ពុំមានដំណោះស្រាយអ្វីនៅឡើយទេ ហើយក៏គេមិនដឹងអំពីចំនួនឈើ និងប្រភេទឈើអ្វីនោះដែរ ។
ប្រភពបន្តទៀតថា កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលលាច បានឱ្យលោកនាយសង្កាត់រដ្ឋបាលព្រៃឈើលាច យកគោយន្តកន្រ្តៃដឹកឈើចេញពីមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលលាចរបស់គាត់ ដោយមិនចង់ឱ្យប្រជាពលរដ្ឋរបស់គាត់មានសតិអារម្មណ៍អំពីបញ្ហានេះ ម្យ៉ាងទៀតលោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើលាច ធ្វើការបង្រ្កាបគោយន្តកន្រ្តៃដឹកឈើនេះ ហើយបានយកវត្ថុតាងមករក្សាទុកនៅកន្លែងធ្វើការរបស់លោកនេះ ពុំមានកិច្ចសហការគ្នានោះទេ ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ទូទាំងស្រុកភ្នំក្រវាញសកម្មភាពការដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងគគ្រឹកគក្រេងដូចហែកឋិនទាន គេពុំដែលឃើញលោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើលាចរូបនេះ និងបក្ខពួកធ្វើការបង្រ្កាបម្ដងណានោះឡើយ ឃើញតែដើរសម្របសម្រួលដើម្បីប្រយោជន៍ប៉ុណ្ណោះ ស្រាប់តែនឹកឃើញមកបង្រ្កាបគោយន្តកន្រ្តៃមួយនេះ ដែលបានដឹកឈើ ហើយគេអះអាងថា យកទៅធ្វើលំនៅដ្ឋានក្នុងស្រុកបាកាន ករណីនេះត្រូវបានគេសង្ស័យការបង្រ្កាបនេះអាចបណ្ដាលមកពីប្រយោជន៍ ហើយក៏អាចអ្នកដឹកឈើនេះបើកហួសច្រើនដងគ្មានការទំនាក់ទំនងក៏ថាបាន ទើបបានជាធ្វើការបង្រ្កាបបែបលក្ខណៈគុំគួនបែបនេះ ទោះបីយ៉ាងណាក្ដីពាក់ព័ន្ធនឹងការបង្រ្កាបគោយន្តដឹកឈើនេះ អ្នកសារព័ត៌មានពុំអាចសុំការពន្យល់ពីលោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើលាច និងបក្ខពួកបាននោះទេ តែនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ទទួលព័ត៌មានបានថា វត្ថុតាងគោយន្ត និងឈើត្រូវបានគេយកចេញពីប៉ុស្ដិ៍នគរបាលរដ្ឋបាលលាចហើយ ហើយបានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រវាញ ។
គួររំលឹកផងដែរគេនៅចាំបានកាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ០-១ ស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ កម្លាំងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់បានឃាត់ចាប់រថយន្តយីឌុបដឹកឈើអារមិនក្រោម ៣០ម៉ែត្រគូបនោះទេ បានយកទៅប្រគល់ឲ្យមន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត គ្រានោះត្រូវបានគេធ្វើលិខិតស្នាមយកទៅធ្វើផ្ទះសម្បែងនៅឯឃុំស្រែស្ដុក ស្រុកណ្ដៀង ប៉ុន្តែឈើនោះត្រូវបានគេដឹងថា មិនមែនយកទៅធ្វើលំនៅដ្ឋាននៅឯស្រុកកណ្ដៀងនោះទេ ដោយអ្នកខ្លះនិយាយថា យកទៅលក់នៅខេត្តព្រៃវែង ឯអ្នកខ្លះទៀតនិយាយថា នៅខេត្តកំពង់ស្ពឺ ឬខេត្តតាកែវ ប៉ុន្តែរថយន្តដឹកឈើនោះត្រូវបានគេដោះលែងដោយស្ងាត់ៗនៅថ្ងៃទី១៨ ខែឆ្នាំដដែល ៕ ប៉ឹម ពិន