ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបើកបុកកង់ជិះស្របទិសគ្នារបួសធ្ងន់ ស្រាល៤នាក់នៅលើផ្លូវជាតិលេខ៦

ចែករំលែក៖

ខេត្តកណ្តាលៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបើកបុកកង់ជិះស្របទិសគ្នា បណ្តាលឲ្យមនុស្សប្រុស-ស្រី៤នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ម៉ូតូបង្កម៉ាកយាម៉ាហាស៊ីរូស ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ កក សារ៉ាយ ភេទប្រុស អយុ៣៥ឆ្នាំ (រងរបួសធ្ងន់) និងអ្នករួមដំណើរជាមួយ២នាក់ទៀតរងរបួសស្រាល ទី១-ឈ្មោះ ស៊ូ សារ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ ទី២-ឈ្មោះ សឿន សារ៉េត ភេទប្រុស អាយុ២៧ឆ្នាំ ។ ទាំង៣នាក់នេះមានទីលំនៅភូមិទួលសាំង ឃុំអង្គរ ស្រុកអង្គរបុរី ខេត្តតាកែវ ។ ចំណែកឯកង់ជិះដោយនារីម្នាក់ឈ្មោះ លេវ ស្រីណែត ភេទស្រី អាយុ២៩ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញមនុស្សប្រុស៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ។ លុះដល់ចំណុចកើតហេតុបានជ្រុលទៅ បុកស្ត្រីរងគ្រោះកំពុងជិះកង់នៅខាងមុខពេញមួយទំហឹង បណ្តាលឲ្យដួលបោកទៅលើផ្លូវទាំងអស់គ្នារងរបួសទាំងសងខាងតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងបុរស-នារីដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកមុខកំពូល ធ្វើការវាស់វែងដកហូតនាំយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

as-1 as-2 as-3 as-4 as-5 as-6 as-7 as-8


ចែករំលែក៖