ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខបន្តចុះរៀបចំសណ្តាប់ធ្នាប់ និងកាត់ស្លាកប៉ាន់ណូដែលដាំរំលោភលើចិញ្ចើមផ្លូវសារធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ដោយមើលឃើញអំពីភាពគ្មានសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋាន ដោយសារតែក្រុមអាជីវករ ក៏ដូចជា ម្ចាស់ហាងមួយចំនួន រំលោភយកចិញ្ចើមផ្លូវសាធារណៈ ដាក់តាំងរបស់របរ លក់ដូរ ឬ ដាំ ស្លាក យីហោ រញ៉េរញ៉ាយ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌបានដឹកនាំ មន្ត្រីសាលាខណ្ឌ សង្កាត់ទឹកថ្លា និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវ២៧១ដែលក្រុមអាជីវករដាំរំលោភចិញ្ចើមផ្លូវសាធារណៈ យកទៅរក្សាទុកនៅសាលាខណ្ឌដើម្បីចាត់ការតាមនីតិវិធី ។

លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខប្រាប់ឲ្យដឹងថាការដែលលោកដឹកនាំមន្ត្រីសាលាខណ្ឌសង្កាត់និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ចុះមករុះរើ កាត់ស្លាក យីហោ អាជីវកម្ម និង ប៉ាន់ណូផ្សេងៗដែលដាំរំលោភចិញ្ចើមផ្លូវសាធារណៈនេះគឺដោយយោងទៅតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌសែនសុខស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវសាធារណៈក្នុងមូលដ្ឋានណែនាំបងប្អូនអាជីវករជាច្រើនលើកច្រើនសាររួចមកហើយប៉ុន្តែការណែនាំនេះមិនត្រូវបានបងប្អូនអាជីវករអនុវត្តន៍តាមនោះទេ ។ ទើបរូបលោកទទួលបានបញ្ជាពីលោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់បែបនេះតែម្តង ។

លោក សាំង សុភៈវិចិត្រ ប្រាប់បន្តឲ្យដឹងថា ថ្ងៃដំបូងនេះកម្លាំងរបស់លោកចាប់ផ្តើមចុះរៀបចំ សណ្តាប់ធ្នាប់ នៅលើកំណាត់ផ្លូវលេខ២៧១ ចាប់ពីគល់ស្ពានអាកាស៧មករារហូតដល់ព្រំប្រទាល់មានជ័យ។ក្នុងនោះកាត់បានផ្ទាំងប៉ាន់ណូមួយចំនួនយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ។

ជាមួយគ្នានេះដែរក្រុមការងាររបស់លោកក៏បានបាញ់ថ្នាំធ្វើជាគំនូសសញ្ញា កំណត់ការលក់ដូរ ដើម្បីកំណត់កន្លែងតាំងទំនិញលក់ជូនបងប្អូនអាជីវករផងដែរចៀសវាងការលក់រំលោភបំពាននៅលើចិញ្ចើមផ្លូវសាធារណៈបន្តទៀត ។ នាឱកាសនោះលោកអភិបាលរងខណ្ឌសែនសុខ ក៏បានអំពាវនាវផងដែរទៅដល់ក្រុមអាជីវករ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរាបរយ និង សោភ័ណ្ឌភាពតាមចិញ្ចើមផ្លូវសាធារណៈឲ្យបានល្អប្រសើរឡើងវិញ សាលាខណ្ឌសែនសុខ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ចូលរួមអនុវត្តដូចខាងក្រោម ៖

ទី១ ហាមដាច់ខាតយកចិញ្ចើមផ្លូវសាធារណៈធ្វើជាទីតាំងប្រកបអាជីវកម្មគ្រប់ប្រភេទ និងលើកផ្លាកយីហោ។

ទី២ត្រូវបញ្ឈប់រាល់ការធ្វើអាជីវកម្មលើចិញ្ចើមផ្លូវសាធារណៈ ដោយរុះរើតូបលក់ដូរនិងសំភារៈគ្រប់ប្រភេទ ចេញពីចិញ្ចើមផ្លូវសាធារណៈ ជាពិសេស ត្រូវដកនិងកាត់ចេញនូវស្លាកយីហោដែលដាក់នៅលើចិញ្ចើមផ្លូវសាធារណៈចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ទី៣ក្នុងករណីមិនអនុវត្តតាមការណែនាំសាលាខណ្ឌសែនសុខនឹងចាត់វិធានការរដ្ឋបាលចុះរៀបចំសណ្តាប់ធ្នាប់របៀបរាបរយសាធារណៈដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិ សំភារៈនិងផលប្រយោជន៍របស់បងប្អូនឡើយ ៕ តុង សីហា

ae-1 ae-2 ae-3 ae-4 ae-5 ae-6


ចែករំលែក៖