ព័ត៌មានទាន់ហេតុការណ៍៖

លែងប្រពន្ធទៅមានស្រីថ្មី ប្រពន្ធទារលុយថ្លៃជំពាក់វាយរបួសពេញខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់បន្ទាប់ពីសុំបែកផ្លូវគ្នាបានជិតមួយខែមកហើយបែរជាប្តីមានស្រីថ្មី ហើយតាមរករករឿងនិងវាយប្រពន្ធរងរបួសពេញខ្លួនដើម្បីទារលុយយកទៅផ្គត់ផ្គង់ស្រីកំណាន់ ប្រពន្ធទប់ចិត្តលែងបាន ក៏ប្តឹងសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា៦និង២០នាទីល្ងាច ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីវាយប្រពន្ធនោះឈ្មោះ រ៉ា សារី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអូអន្ទង់ ឃុំល្វា ស្រុក ព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកឯនារីរងគ្រោះជាប្រពន្ធឈ្មោះ ដយ សុខាអាយុ២៤ឆ្នាំមុខរបរកម្មការិនីរោងចក្រស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើមានស្រុកកំណើតនៅភូមិគោកខាងលិចឃុំល្វាស្រុកព្រៃឈរខេត្តកំពង់ចាម។

តាមប្រភពពត៌មានពីនារីរងគ្រោះជាប្រពន្ធបាននិយាយថា ប្តីរបស់គាត់បានសម្រេចចិត្តសុំបែកផ្លូវគ្នាជាមួយគាត់ជាងមួយខែមកហើយ ។ ប៉ុន្តែមកដល់ប៉ុន្មានថ្ងៃមុននេះប្តីរបស់គាត់បានមកសុំលុយចំនួនម្ភៃម៉ឺនរៀលយកទៅចាយវាយសិនទំរាំដល់ពេលបើកប្រាក់ខែហើយពេលនោះគាត់អាណិតក៏ឲ្យទៅ ។

ស្រី្តជាប្រពន្ធបានឲ្យដឹងទៀតថា លុះមកដល់ថ្ងៃកើតហេតុ អ្នកជិតខាងលួចប្រាប់នាងថា ប៉ុន្មានថ្ងៃមកនេះឃើញប្តីរបស់នាងបណ្តើរស្រីថ្មី ធ្វើឲ្យនាងក្តៅក្រហាយក៏ទៅកាន់បន្ទប់ប្តីស្រាប់តែឃើញប្តីកំពុងដេកកើយភ្លៅស្រីថ្មីនោះមែន។ ពេលឃើញដូច្នេះ នាងក៏បាននិយាយខាងក្រៅបន្ទប់ទៅកាន់ប្តីកំហូចថា «ឯងមានសេចក្ដីសុខណាស់ជាមួយស្រីម្នាក់នេះ ដូច្នេះប្រញាប់សងលុយ៥០ម៉ឺនរៀលមកខ្ញុំវិញ » ភ្លាមនោះ នារីជាប្រពន្ធចុងបាននិយាយតបថា«សេរ៊ីខ្ញុំមិនមែនយកប្តីគេទេ សូមមើលឲ្យច្បាស់ ? និយាយចប់ប្តីគាត់និងប្រពន្ធចុងបានដឹកដៃគ្នាចុះពីលើផ្ទះជួលនិយាយខ្លាំងៗដាក់គាត់ថាចាំអញសងនៅថ្ងៃទី១០ពេលបើកប្រាក់ខែ។ គាត់ក៏សួរប្តីថា សងនៅឯណា ? ប្តីប្រាប់ថាចាំអញយកឲ្យដល់បន្ទប់ តែនាងឆ្លើយថាមិនបាច់ទេចាំខ្ញុំទៅយកនៅមុខរោងចក្រ។

ស្រី្តជាប្រពន្ធបន្តថា គ្រាន់តែគាត់និយាយបែបនេះភ្លាមធ្វើឲ្យប្តីមានកំហឹងស្រែកខ្លាំងៗនិងយកដៃចង្អុលមុខគាត់ចង់ស៊ីសាច់ហុតឈាមរួចគំហកដាក់គាត់ថា «ទៅយកនៅមុខរោងចក្រចង់ឯងបកអាក្រាតអញឬអី? កាត់តបថា« បើទៅយកនៅទីនោះ តើវាយ៉ាងម៉េច?និយាយសឹងចប់មិនទាន់ប្តីកំណាចរូបនេះបានយកខ្សែក្រវាត់វាយគាត់យ៉ាងចាស់ដៃបណ្តាលរបួសជាំពេញខ្លួនថែមទាំងផ្អើលពេញភូមិទៀតផង។

បន្ទាប់មកគេឃើញសមត្ថកិច្ចទៅដល់ឃាត់បុរសជាប្តីមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីយកមកសួរនាំហើយប្រពន្ធបានដាក់ពាក្យបណ្តឹងក្នុងករណីប្រើអំពើហិង្សាលើរូបរាងកាយនាង និងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕ ប្រាថ្នា

%e1%9e%94%e1%9f%92%e1%9e%8f%e1%9e%b8%e1%9e%9c%e1%9e%b6%e1%9e%99%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%94%e1%9e%93%e1%9f%92%e1%9e%92


ចែករំលែក៖