ភ្នំពេញ៖ នាព្រឹកថ្ងៃ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៦នេះ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ បានជួបសំណេះសំណាលជាមួយបុគ្គលិកសំអាតអនាម័យក្រុមហ៊ុន៨០០ super ប្រចាំខណ្ឌសែនសុខ ចំនួន២៣នាក់ និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ថវិកា ដោយក្នុងម្នាក់ៗទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម -មី១កេស, ទឹកបរិសុទ្ធ១កេស, ឃីត១កញ្ចប់ និងថវិកា ៥០.០០០រៀលផងដែរ ។
លោក ចេង មុនីរ៉ា ក៏បានថ្លែងកោតសរសើរដល់បុគ្គលិកសំអាតអនាម័យក្រុមហ៊ុន៨០០ super ដែលបានចេញប្រមូលសំរាមយ៉ាងសកម្មតាមគោលដៅនីមួយៗបានទាន់ពេល បានស្អាតមានអនាម័យ និងសូមឲ្យបងប្អូនជាកម្មករប្រមូលសំរាមទាំងអស់ ត្រូវមានអនាម័យខ្ពស់ និងអនុវត្តន៍ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល សម្រាប់ទប់ស្កាត់ការឆ្លងជំងឺឆ្លងផ្សេងៗ ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ ។
ជាមួយគ្នានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ ក៏បានអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាជនដែលរស់នៅតាមខ្នងផ្ទះនីមួយៗ ដោយសូមបងប្អូនប្រជាជនមេត្តាវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ (ពិសេសសំរាមសើម ងាយរលួយ) និងចូលរួមសម្អាត និងធ្វើអនាម័យ បរិស្ថាន មូលដ្ឋានខណ្ឌយើង អោយកាន់តែស្អាតល្អប្រសើរថែមមួយកំរឹតទៀត អោយខណ្ឌប្រែមុខមាត់ថ្មី ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានី ធ្វើអោយខណ្ឌសែនសុខ មានសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរ គួរអោយចង់រស់នៅ ៕

ដោយ៖ សីហា សែនសុខ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច