ខេត្តកណ្តាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចនាឡិកាវាស់ទឹករបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដោយដកហូតបាននាឡិកាវាស់ទឹកចំនួន ៦គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួន។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៣៖០៧នាទីទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវ២១A ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ង៉ា ប៊ុនស៊ុយ ភេទប្រុស អាយុ៣៧ ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងជិះម៉ូតូដឹកកេសស្នោរ ហើយមានការសង្ស័យពីសកម្មភាពរបស់ខ្លួន។ តាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន (+)។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានទទួលស្គាល់ថា ខ្លួនបានធ្វើសកម្មភាពលួចនាឡិកាវាស់ទឹកសរុបជាង ៥០គ្រឿង រួចដោះបំបែកយកទៅលក់ឱ្យអ្នកទិញអេតចាយក្នុងខណ្ឌមានជ័យ ក្នុងតម្លៃ ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច