ភ្នំពេញ ៖ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ! ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជូនបច្ចុប្បន្នភាពសំខាន់ៗដែលមានដូចតទៅ៖
ទី១. ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានាធិបតីរវ៉ាន់ដា ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅពី ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតី ក៏បានជួបដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការក្នុងវិស័យវិនិយោគ អាកាសចរណ៍ និងទេសចរណ៍ ក៏ត្រូវបានចុះហត្ថលេខាដើម្បីផ្តល់នូវកម្លាំងចលករថ្មីដល់ទំនាក់ទំនងទ្វេភាគី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធថែមទៀត ព្រមទាំងបើកផ្លូវថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជានិងរវ៉ាន់ដា។
ទី២. ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វីនី» ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹកហ្វ្រង់កូហ្វូនី» នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបង្ហាញពីមោទនភាពរបស់កម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាព្រឹត្តិការណ៍លើកទី២នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីបានកើតឡើងម្តងនៅវៀតណាមកាលពីឆ្នាំ១៩៩៧។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានសង្កត់ធ្ងន់លើតម្លៃនៃសន្តិភាពដែលកំពុងកើតមាននៅកម្ពុជានិងដែលត្រូវបានកសាងនិងពង្រឹងជារៀងរាល់ថ្ងៃ។ ភ្ជាប់ជាមួយប្រធានបទនៃភូមិហ្វ្រង់កូហ្វូនី «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» សម្តេចធិបតីគូសបញ្ជាក់ថា នៅកម្ពុជា ស្នាមញញឹម គឺជាភាពកក់ក្តៅ គឺជាសន្តិភាព និងជាក្តីសង្ឃឹម ហើយឥឡូវនេះ ស្នាមញញឹមខ្មែរ បានភ្ជាប់ជាមួយស្នាមញញឹមហ្វ្រង់កូហ្វូនី។ ហ្វ្រង់កូហ្វូនីមិនមែនត្រឹមតែជាភាសានិយាយប៉ុណ្ណោះទេ ប៉ុន្តែ គឺជាវប្បធម៌រស់រវើក ជាតម្លៃនៃសន្តិភាព សេចក្តីថ្លៃថ្នូរនៃមនុស្សជាតិ និងសាមគ្គីភាព។
ភូមិហ្វ្រង់កូហ្វូនី គឺជាទីតាំងបង្ហាញវប្បធម៌ដ៏សំខាន់ និងបើកចំហជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដោយមានការចូលរួមពីបណ្ដាប្រទេស និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី តាមរយៈស្តង់ពិព័រណ៍ សន្និសីទ ការសម្តែងសិល្បៈ ការតាំងបង្ហាញ និងការបង្ហាញម្ហូបអាហារប្រពៃណី។ ព្រឹត្តិការណ៍នេះមានគោលបំណងផ្សព្វផ្សាយនិងលើកតម្កើងភាពសម្បូរបែបនៃភាសា វប្បធម៌ និងសិល្បៈរបស់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ទី៣. មិនត្រឹមតែមានស្នាមញញឹមប៉ុណ្ណោះទេ ប៉ុន្តែ សហគមន៍ហ្វ្រង់កូហ្វុនី «រួមគ្នាកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលជាមូលបទនៃកិច្ចប្រជុំកំពូលលើកទី២០ នៃហ្វ្រង់កូហ្វូនី ក្នុងរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មូលបទនេះពិតជាសមស្របទាំងសម្រាប់ប្រទេសកម្ពុជា ទាំងក្នុងបរិបទតំបន់ និងពិភពលោក។ នេះមិនមែនជាលើកទី១ទេដែល «សន្តិភាព» ត្រូវបានជ្រើសរើសជាប្រធានបទគន្លឹះក្នុងវេទិកាធំៗលើឆាកអន្តរជាតិ និងតំបន់។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាការជួបជុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋនិងរដ្ឋាភិបាលសមាជិកទាំង៩០នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមទាំងស្ថាប័នដៃគូជាច្រើន ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម ការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាផ្សេងៗទៀតដែលជាផលប្រយោជន៍រួម។ កិច្ចប្រជុំនេះក៏នឹងផ្ដល់ឱកាសដ៏សំខាន់ក្នុងការពង្រឹងចំណងទាក់ទងរវាងសមាជិកនៃអង្គការ OIF បញ្ជាក់ជាថ្មីនូវគុណតម្លៃរួមនៃសាមគ្គីភាព ភាពបើកចំហ ការសន្ទនា ភាពចម្រុះនៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។
កិច្ចប្រជុំកំពូលនេះនឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួនបីដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងនោះ (១) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្តេជាចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់កូហ្វូនី ស្តីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូនី (២) សេចក្តីសម្រេចស្ដីពីស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី និង (៣) សេចក្តីអំពាវនាវទីក្រុងភ្នំពេញ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច