ខេត្តព្រះវិហារ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ប្រចាំខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលកំពុងឈរជើងបំពេញភារកិច្ចតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤
ក្នុងឱកាសនេះ លោកអភិសន្តិបណ្ឌិត បាននាំយកថវិកា គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់អង្គភាព និងកងកម្លាំង រួមមាន ថវិកា ៥ម៉ឺនដុល្លារអាមេរិក អង្ករ ៥០តោន ប្រេងសាំង ១ម៉ឺនលីត្រ និងប្រេងម៉ាស៊ូត ១ម៉ឺនលីត្រ ជូនគណៈបញ្ជាការ។
ចំណែកវរសេនាតូចនគរបាលការពារព្រំដែនគោកចំនួន ៦វរសេនាតូច ក្នុងមួយវរសេនាតូចទទួលបានថវិកា ១០លានរៀល អង្ករ ៥តោន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ ខណៈក្រុមគ្រូពេទ្យទទួលបានថវិកា ៥លានរៀល។
ការឧបត្ថម្ភគាំទ្រនាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃចំពោះកងកម្លាំងជួរមុខ ដែលកំពុងលះបង់កម្លាំងកាយចិត្ត និងប្រឈមនឹងការលំបាកក្នុងការបំពេញបេសកកម្មការពារព្រំដែនជាតិ។
ជាមួយគ្នានេះ ក៏ជាការរួមចំណែកធានាដល់ជីវភាពរស់នៅ ការផ្គត់ផ្គង់ និងលក្ខខណ្ឌចាំបាច់នានា ដើម្បីឱ្យកងកម្លាំងមានលទ្ធភាពបំពេញតួនាទីភារកិច្ចបានកាន់តែល្អប្រសើរ។
នេះក៏បានបញ្ជាក់ពីស្មារតីសាមគ្គីភាព និងការគាំទ្រមិនដាច់ពីគ្នារវាងថ្នាក់ដឹកនាំ និងកងកម្លាំងនៅជួរមុខ ព្រមទាំងជាកម្លាំងចិត្តដ៏សំខាន់ក្នុងការជំរុញឱ្យកងកម្លាំងបន្តប្រកាន់ខ្ជាប់នូវវិន័យ ស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច