ព័ត៌មានទាន់ហេតុការណ៍៖

Ronaldo អវត្តមានពីបញ្ជីបេក្ខភាពកំពូលពាន Globe Soccer Awards ខណៈ Messi ត្រឡប់មកប្រជែងជាថ្មី

ចែករំលែក៖

កីឡាករ Lionel Messi ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេក្ខភាព ២៦ រូប សម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំផ្នែកបុរស (Best Men’s Player of the Year) នៃកម្មវិធី Globe Soccer Awards ឆ្នាំ២០២៦ ខណៈ Cristiano Ronaldo មានឈ្មោះត្រឹមតែក្នុងប្រភេទកីឡាករឆ្នើមប្រចាំតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះ។

អ្នករៀបចំកម្មវិធីបានប្រកាសបញ្ជីបេក្ខភាពសម្រាប់ពិធីប្រគល់ពានរង្វាន់លើកទី១៧ កាលពីថ្ងៃពុធ ព្រមទាំងបើកឱ្យអ្នកគាំទ្រទូទាំងពិភពលោកចូលរួមបោះឆ្នោតគាំទ្រផងដែរ។

សម្រាប់ Messi នេះជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលរូបគេត្រឡប់មកប្រជែងពានរង្វាន់ឯកត្តជនដ៏មានកិត្យានុភាពនេះវិញ ដោយលើកចុងក្រោយដែលរូបគេឈ្នះពាននេះគឺនៅឆ្នាំ២០១៥។

ផ្ទុយទៅវិញ Ronaldo មិនមានឈ្មោះក្នុងបញ្ជីបេក្ខភាពពានកីឡាករឆ្នើមប្រចាំឆ្នាំផ្នែកបុរស និងកីឡាករខ្សែប្រយុទ្ធឆ្នើមនោះទេ។ ទោះជាយ៉ាងណា តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់រូបនេះ នៅតែមានឈ្មោះក្នុងប្រភេទកីឡាករឆ្នើមប្រចាំតំបន់មជ្ឈិមបូព៌ា ដែលរូបគេបានគ្រប់គ្រងពាននេះអស់រយៈពេល៣ឆ្នាំជាប់ៗគ្នា។

ក្នុងការប្រជែងពានកីឡាករឆ្នើមប្រចាំឆ្នាំផ្នែកបុរស Messi ត្រូវប្រឈមមុខនឹងបេក្ខភាពខ្លាំងៗចំនួន២៥រូបផ្សេងទៀត ដែលសុទ្ធតែបានបង្ហាញសមត្ថភាពលេចធ្លោជាមួយក្លិប និងក្រុមជម្រើសជាតិ។

ម្ចាស់ពានកាលពីឆ្នាំមុន Ousmane Dembélé នឹងត្រូវការពារតំណែងរបស់ខ្លួន ដោយរូបគេមានឈ្មោះក្នុងបញ្ជីរួមជាមួយមិត្តរួមក្រុម Paris Saint-Germain (PSG) ចំនួន៧រូបទៀត រួមមាន Désiré Doué, Achraf Hakimi, Khvicha Kvaratskhelia, Nuno Mendes, João Neves, Vitinha និង Fabián Ruiz។

ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលជាម្ចាស់ជើងឯក World Cup ក៏មានអ្នកតំណាងចំនួន៣រូបផងដែរ គឺ Pau Cubarsí, Rodri និង Lamine Yamal។ ចំណែក Kylian Mbappé ដែលជាម្ចាស់ស្បែកជើងមាស World Cup ក៏មានឈ្មោះក្នុងបញ្ជីនេះដែរ ខណៈ Bayern Munich មាន Harry Kane និង Michael Olise ជាតំណាង។

សម្រាប់ក្របខណ្ឌ Premier League មានកីឡាករចំនួន៦រូបដែលជាប់បេក្ខភាពក្នុងប្រភេទពានធំមួយនេះ។ ក្នុងនោះ Arsenal មាន Declan Rice, Bukayo Saka និង William Saliba ខណៈ Manchester City មាន Erling Haaland, Liverpool មាន Dominik Szoboszlai និង Manchester United មាន Bruno Fernandes។

ក្រៅពី Messi បេក្ខភាពដែលនៅសល់ក្នុងបញ្ជីទាំង២៦រូប រួមមាន Jude Bellingham, Vinícius Júnior, Raphinha, Lautaro Martínez និង Federico Dimarco របស់ Inter Milan ដែលជាខ្សែការពារតែម្នាក់គត់ក្នុងបញ្ជីនេះដែលមិនបានចូលរួមប្រកួត World Cup ឆ្នាំ២០២៦។

ជាមួយគ្នានេះ Messi ក៏មានឈ្មោះក្នុងបញ្ជីបេក្ខភាព១៤រូប សម្រាប់ពានខ្សែប្រយុទ្ធឆ្នើមប្រចាំឆ្នាំ (Best Forward) ផងដែរ ដោយត្រូវប្រជែងជាមួយ Haaland, Mbappé និង Kane។ ចំណែក Luis Díaz និង Julián Álvarez គឺជាកីឡាករតែពីររូបគត់ក្នុងប្រភេទនេះ ដែលមិនមានឈ្មោះក្នុងបញ្ជីពានកីឡាករឆ្នើមប្រចាំឆ្នាំផ្នែកបុរស។

សម្រាប់បាល់ទាត់នារី ការប្រជែងពានកីឡាការិនីឆ្នើមប្រចាំឆ្នាំ (Best Women’s Player) មានបេក្ខភាពសំខាន់ៗដូចជា Alexia Putellas, Ewa Pajor និង Melchie Dumornay។ ចំណែក Aitana Bonmatí ដែលជាម្ចាស់ពាន៣ឆ្នាំជាប់ៗគ្នា មិនមានឈ្មោះក្នុងបញ្ជីឆ្នាំនេះទេ បន្ទាប់ពីរូបនាងជួបប្រទះបញ្ហារបួសជាបន្តបន្ទាប់ក្នុងរដូវកាលនេះ។

ចំពោះពានគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ (Best Coach) មានបេក្ខភាពសរុប១០រូប ក្នុងនោះរួមមាន Luis Enrique របស់ PSG, Luis de la Fuente របស់អេស្ប៉ាញ, Mikel Arteta របស់ Arsenal, Cesc Fàbregas របស់ Como និង Unai Emery របស់ Aston Villa។

ដោយឡែក ពានកីឡាករវ័យក្មេងឆ្នើម (Best Emerging Player) មានបេក្ខភាព១៤រូប ដែលសុទ្ធតែជាកីឡាករមានទេពកោសល្យ និងកំពុងលេចធ្លោ ដូចជា Pau Cubarsí, Arda Güler, Endrick, Yan Diomande, Lennart Karl និង Warren Zaïre-Emery។

សម្រាប់ពានកីឡាករឆ្នើមប្រចាំតំបន់មជ្ឈិមបូព៌ា (Best Middle East Player) Ronaldo ត្រូវប្រជែងជាមួយបេក្ខភាព៩រូបផ្សេងទៀត ក្នុងនោះមានមិត្តរួមក្រុម Al Nassr គឺ João Félix និង Sadio Mané ព្រមទាំង Rúben Neves របស់ Al Hilal, Ivan Toney និង Édouard Mendy របស់ Al Ahli, កីឡាករជម្រើសជាតិម៉ារ៉ុក Yassine Bounou និង Soufiane Rahimi ព្រមទាំង Julián Quiñones របស់ម៉ិកស៊ិក។ ចំណែក Musab Al-Juwayr របស់ Al-Qadsiah គឺជាកីឡាករអារ៉ាប៊ីសាអូឌីតតែម្នាក់គត់ក្នុងបញ្ជីនេះ។

កម្មវិធី Globe Soccer Awards ឆ្នាំ២០២៦ ដែលត្រូវបានគេដាក់រហស្សនាមថា «Dubai d’Or» នឹងរៀបចំឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៦ នៅប្រទេសអារ៉ាប់រួម។ កម្មវិធីឆ្នាំនេះមានប្រភេទពានរង្វាន់សំខាន់ៗចំនួន១៤ ព្រមទាំងពានកិត្តិយសពិសេស និងពានសម្រាប់សមិទ្ធផលពេញមួយអាជីព។

ការបោះឆ្នោតពីសំណាក់អ្នកគាំទ្រត្រូវបានបើកសម្រាប់ប្រភេទពានចំនួន១២ តាមរយៈគេហទំព័រផ្លូវការរបស់កម្មវិធី រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
នៅវគ្គចុងក្រោយ សំឡេងឆ្នោតពីសាធារណជននឹងត្រូវបូកបញ្ចូលជាមួយការបោះឆ្នោតពីគណៈវិនិច្ឆ័យផ្លូវការ ដែលមានវត្តមានរបស់វីរបុរសបាល់ទាត់ល្បីៗដូចជា Marcello Lippi, Antonio Conte, Iker Casillas និង Luís Figo។

គួរបញ្ជាក់ថា ពិធីប្រគល់ពានរង្វាន់កាលពីឆ្នាំមុន ទទួលបានសំឡេងបោះឆ្នោតគាំទ្រជាង៣០លានសំឡេង ពីប្រទេស និងដែនដីជាង២០០ជុំវិញពិភពលោក៕

ដោយ៖ ភារៈ


ចែករំលែក៖