ភ្នំពេញ៖ រឿងរ៉ាវស្រីប្រកាន់ ប្រុសប្រកែកមួយបានកើតឡើងផ្តើមចេញពីការផឹកស៊ីស្រវឹងហើយនិយាយផ្លែផ្កាផ្តោះផ្តងលេងសើច រហូតត្រូវបានសមត្ថកិច្ចនាំខ្លួនភាគីខាងប្រុសទៅសួរនាំ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងបរិវេណការដ្ឋានសំណង់មួយកន្លែង ក្បែរទីកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ស្ត្រិីដែលជាជនរងគ្រោះមានឈ្មោះ ឈ.ឈ អាយុ៤២ឆ្នាំជាស្ត្រីមេម៉ាយកូន៤នាក់ ស្រី២នាក់ ប្រុស២នាក់ មុខរបរមើលថែរចៅៗ មានទីលំនៅក្នុងការដ្ឋានសំណង់ខាងលើ និងមានទីលំនៅស្រុកសង្កែ ខេត្តបាត់ដំបង ចំណែកបុរសសង្ស័យឈ្មោះ ទី យ៉ុនទីម អាយុ៣៣ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់ក្នុងការដ្ឋាន និងមានស្រុកកំណើតភូមិចុងព្រៃ ឃុំកំពង់ស្វាយស្រុកំពង់ស្វាយ ខេត្តកំពង់ចាម ។
ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យផឹកស្រាស្រវឹងតាំងតែពីល្ងាចហើយចេះតែមកក្បែរគ្រែគាត់ និងនិយាយអោយតំលៃគាត់ពី ៥០០០រៀល រហូត២០០០០រៀល បើសិនជារូបគាត់យល់ព្រមគេងជាមួយ។
ជនរងគ្រោះបានបន្តទៀតថា កាលពីលើកមុនៗ ជនបង្កតែងតែនិយាយអោយតំលៃគាត់របៀបលេងសើចធម្មតា តែលើកនេះវិញ មិនមែនលេងសើចទេ ព្រោះជនបង្កនិយាយបណ្តើរដៃបើកមុងគាត់ស្ទាបបណ្តើរ ទោះជារូបគាត់ប្រាប់យ៉ាងណា ក៏មិនចេញដែរ រហូតដល់គំរាមសំលាប់គាត់ថែមទៀតផង ទើបគាត់ស្រែកហៅអោយក្មួយប្រុសដែលដេកក្បែរនោះលឺ ផ្អើលឆោឡោតែម្តងទៅ ។
តែបើតាមសំដីជនបង្កវិញបានប្រាប់ថា រូបគេស្រវឹងហើយដើរមិនត្រង់ផ្លូវផង ទៅរំលោភមិចនឹងកើត ហើយណាមួយរូបគាត់តែងតែនិយាយលេងបែបនេះជាញឹកញាយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំទាំងជនសង្ស័យ និងជនរងគ្រោះមកប៉ុស្តិ៍ដើម្បីសាកសួរបន្ថែម បើកករណីនេះមិនធ្ងន់ទេ សមត្ថកិច្ចគ្រាន់តែអប់រំ និងណែនាំជនសង្ស័យកុំឲ្យធ្វើដូច្នេះទៀត ចៀសវាងមានទោសនៅថ្ងៃក្រោយ ៕ ជីម ភារ៉ា ដង្កោ