ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖​ ជម្រាប​ជូនអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាជាមួយភាគីកម្ពុជានិងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានថ្លែងនៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា៖​ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាជាមួយភាគីកម្ពុជានិងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៖

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម័យប្រជុំលើកទី៣ នៃនីតិវិធីផ្សះផ្សារវាងកម្ពុជានិងថៃ ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ(UNCLOS) បានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្នុងអំឡុងពេលសម័យប្រជុំនេះ គណៈប្រតិភូកម្ពុជាបានពន្យល់លម្អិតអំពីជំហររបស់កម្ពុជា និងបានផ្តល់ជូនគណៈកម្មការផ្សះផ្សានូវព័ត៌មានជាក់ស្តែង និងព័ត៌មានបច្ចេកទេសពាក់ព័ន្ធដើម្បីជួយដល់គណៈកម្មការ ក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយប្រកបដោយសមធម៌រវាងភាគីទាំងពីរស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ក៏ដូចជាការពារផលប្រយោជន៍ជាតិរបស់កម្ពុជា។

កិច្ចប្រជុំក៏បានពិភាក្សាអំពីទិដ្ឋភាពជាក់ស្តែងនៃការចុះពិនិត្យទីតាំងពាក់ព័ន្ធ។ គណៈប្រតិភូកម្ពុជាក៏បានស្វាគមន៍ដំណើរទស្សនកិច្ចតាមទីតាំងជាក់ស្តែងរបស់គណៈកម្មការផ្សះផ្សានាពេលខាងមុខ ហើយបានបញ្ជាក់អំពីការត្រៀមខ្លួនផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញដើម្បីធានាឱ្យដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យដែលនឹងជួយគណៈកម្មការឱ្យយល់ដឹងកាន់តែច្បាស់អំពីភូមិសាស្ត្រពាក់ព័ន្ធ និងបរិបទជាក់ស្តែងនៃតំបន់ទាំងនោះ។

ជាវឌ្ឍនភាពដែលសម្រេចបានក្នុងអំឡុងពេលសម័យប្រជុំនេះដែរ គឺភាគីទាំងពីរបានបង្កើតក្រុមការងារបច្ចេកទេសចម្រុះមួយដែលរួមមានសមាសភាពអ្នកជំនាញមកពីភាគីទាំងសងខាងនិងសមាជិកនៃគណៈកម្មការដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។ តាមរយៈកិច្ចប្រជុំបច្ចេកទេស ក្រោមការសម្របសម្រួលរបស់គណៈកម្មការ ភាគីទាំងពីរបានឈានដល់ការយល់ដឹងរួមគ្នាលើសំណុំល័ក្ខខ័ណ្ឌកំណត់(parameters) ដែលនឹងត្រូវយកមកអនុវត្តសម្រាប់ការកំណត់ព្រំដែនសមុទ្រ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា កម្ពុជានិងថៃ នឹងនៅតែជាប្រទេសជិតខាងគ្នាជានិច្ច ហើយវឌ្ឍនភាពដែលសម្រេចបាននៅទីក្រុងគូឡាឡាំពួ ពាក់ព័ន្ធនឹងទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រ គឺជាជំហានទៅមុខមួយសម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមបានថ្លែងអំណរគុណដល់គណៈកម្មការផ្សះផ្សា ដែលបានជួយភាគីទាំងពីរស្វែងរកចំណុចរួមគ្នា ព្រមទាំងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដែលបានផ្តល់ការគាំទ្រ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលម៉ាឡេស៊ី និងមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិអាស៊ី (Asian International Arbitration Centre) ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការរៀបចំដ៏ល្អប្រសើរសម្រាប់កិច្ចប្រជុំនេះ។

សូមបញ្ចាក់ថា គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររាជរដ្ឋាភិបាល(Agent) និងដោយមានការចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមចរចា, ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជាភ្នាក់ងាររងរាជរដ្ឋាភិបាល(Deputy Agent), ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាអនុប្រធានក្រុមចរចា ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការចូលរួមដំណើរការផ្សះផ្សា ប្រកបដោយស្មារតីស្ថាបនា និងសុច្ឆន្ទៈ ដោយមានទំនុកចិត្តយ៉ាងពេញលេញលើគណៈកម្មការផ្សះផ្សា ដើម្បីឈានទៅរកដំណោះស្រាយមួយដ៏យុត្តិធម៌ ស្មើភាព និងយូរអង្វែង ផ្អែកលើមូលដ្ឋានរឹងមាំនៃច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ ដំណោះស្រាយនេះនឹងការពារអធិបតេយ្យ និងផលប្រយោជន៍ជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រដល់សន្តិភាព និងភាពសុខដុមជានិរន្តរ៍រវាងប្រទេសទាំងពីរ៕

ដោយ​៖ តារា​


ចែករំលែក៖