ភ្នំពេញ ៖ ទម្រង់លេងរបស់ក្រុមកីឡាករជម្រើសជាតិកម្ពុជាហាក់មានការធ្លាក់ចុះដោយសារតែពួកគេលែងសូវមានទំនួល ខុសត្រូវចំពោះការហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍ធំៗខាងមុខ ។ នេះជាការព្រួយ បារម្ភរបស់លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការត្រៀមចេញទៅប្រកួតវគ្គចាប់ពូលនៃពានរង្វាន់ AFF Suzuki Cup 2016 នៅប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ ។
ក្រោយពេលក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមភ្នំពេញក្រោន ៣-១ កាលពីថ្ងៃទី៧ ខែវិច្ឆិកាលោក Lee Tae Hoon បានឲ្យដឹងថា ក្រោយបញ្ចប់ការប្រកួតវគ្គ ជម្រុះ AFF Suzuki Cup មកលោកគិតថា កីឡាកររបស់យើងបាត់បង់នូវគោលបំណង និងទំនួលខុសត្រូវរបស់គេហើយវាជាទម្លាប់ដែលតែងតែកើតមានឡើងចំពោះពួកគេ។
លោកបន្តថា បើសិនជាពួកគេមានទំនួលខុសត្រូវគឺពួកគេត្រូវតែខិតខំហ្វឹកហាត់ រក្សាុសុខភាព និងកម្លាំងឲ្យបានល្អហើយ បង្ហាញមហិច្ឆតានិងបំណងរបស់គេនៅលើទីលាន ប៉ុន្តែពេលនេះខ្ញុំអត់ទាន់ឃើញពួកគេលេងខ្លាំងឬធ្វើការងារខ្លាំងនៅលើ ទីលាននោះទេ។ កីឡាករទាំងអស់ត្រូវប្រឹងប្រែងហ្វឹកហាត់ប្រមូលអារម្មណ៍និងធ្វើការងារនៅលើទីលានឲ្យបានខ្លាំងជាងនេះដើម្បីបង្ហាញដល់ជនរួមជាតិនិងអ្នកគាំទ្ររបស់ខ្លួន ។
គួរបញ្ជាក់ថា ការទទួលបានឱកាសទៅប្រកួតវគ្គចាប់ពូលក្នុងពានរង្វាន់ AFF Suzuki Cup 2016 ដោយកម្ពុជាបានឈរក្នុងពូលB ជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ីនៅពេលខាងមុខនេះគឺក្រុម ជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមឡាវ ២-១ ឈ្នះក្រុមប្រ៊ុយណេ ៣-០ និងឈ្នះ ក្រុមទីម័រខាងកើត ៣-២ ក្នុងវគ្គជម្រុះនៅ ពហុកីឡដ្ឋានជាតិអូឡាំពិកកន្លងទៅ ។
មុននឹងទៅចូលរួមប្រកួតផ្លូវការក្នុងវគ្គចាប់ពូលនៃពានរង្វាន់ AFF Suzuki Cup 2016 នៅលើទឹកដីប្រទេសមីយ៉ាន់ម៉ាពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខក្រុមជម្រើសជាតិកម្ពុជាត្រូវប្រកួតជាលក្ខណៈប្រកួតមិត្តភាពចំនួន២ប្រកួតទៀតគឺប្រកួតជាមួយក្រុម African All Stars នៅថ្ងៃទី១០ ខែវិច្ឆិកា នៅកម្ពុជានិងទៅជាមួយក្រុម ជម្រើសជាតិសិង្ហបុរីនៅថ្ងៃទី១៣ ខែវិច្ឆិកា៕ សារីម