ព័ត៌មានទាន់ហេតុការណ៍៖

តារាឆ្នើម Griezmann នឹងអវត្តមានពេល Atletico Madrid ប៉ះ Real Madrid នៅថ្ងៃសៅរ៍

ចែករំលែក៖

កីឡាករ Antoine Griezmann ខ្សែប្រយុទ្ធឆ្នើមក្រុម Atletico Madrid នឹងត្រូវអវត្តមានពេលដែលក្រុមរបស់ខ្លួនប៉ះជាមួយក្រុមយក្សស្តេចស Real Madrid នៅថ្ងៃសៅរ៍នេះ ដោយសារតែរងរបួសជើងពេលលេងឲ្យក្រុមជម្រើសជាតិបារាំងក្នុងវគ្គជម្រុះ World Cup ។

កីឡាករ Griezmann បានរងរបួសជើង ត្រូវដូរចេញនៅនាទី៨៨ ជំនួសដោយកីឡាករ N’Golo Kante អំឡុងការប្រកួតឲ្យក្រុមជម្រើសជាតិបារាំង ឈ្នះស៊ុយអែត ២-១ នៅជម្រុះ World Cup 2018 កាលពីចុងសប្ដាហ៍កន្លងទៅ ។ បើតាមប្រភពព័ត៌មានពីភ្នាក់ងារ Marca បានឲ្យដឹងថា ក្លិប Atletico បានទទួលរបាយការណ៍ ពីក្រុមជម្រើសជាតិបារាំងថា កីឡាករវ័យ២៥ឆ្នាំ Griezmann បានរងរបួសជើង ហើយនឹងត្រូវសម្រាកខកខានការប្រកួត។ ដំណឹងនេះក៏ជាការព្រួយបារម្ភរបស់ក្លិប Atletico Madrid ដែរដែលអវត្តមានកីឡាករដ៏សំខាន់មួយនេះ ។

នៅក្រុមខ័ណ្ឌកំពូលរបស់អេស្ប៉ាញ La Liga ម្ចាស់ស្បែកជើងមាស Euro 2016 រូបនេះបានបង្ហាញខ្លួនទាំង១០ប្រកួតនៅរដូវកាលនេះ និងស៊ុតបាន៦គ្រាប់ ជួយក្រុម Atletico Madrid ឈរលេខ៤បច្ចុប្បន្ន ។

គួរបញ្ជាក់ថា ក្រុម Atletico Madrid នឹងបើកទ្វារកីឡដ្ឋាន Vicente Calderon ស្វាគមន៍ក្រុមកំពូលតារាងស្តេចស Real Madrid នៅម៉ោង២និង៤៥រំលងអធ្រាត្រត្រូវនឹងរាត្រីថ្ងៃអាទិត្យនៅកម្ពុជាចុងសប្ដាហ៍នេះ ៕

madrid griezmannlaliga_large


ចែករំលែក៖