ភ្នំពេញ៖ មនុស្សយ៉ាងតិច១៤នាក់បានបាត់បង់ជីវិត និង៩៩នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ។
នៅក្នុងសន្និសីទកាសែតថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា អ្វីៗទាំងអស់បានប្រព្រឹត្តទៅក្នុងលក្ខណៈល្អប្រសើរ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូ សម្រាប់ជាតិទាំងមូល។ ព្រោះថា ក្នុងរយៈពេលបីថ្ងៃនេះ សភាពការណ៍សន្តិសុខទូទៅមានភាពល្អប្រសើរ ពោលគឺពុំមានអ្វីធំដុំកើតឡើង ដែលជាការគំរាមកំហែងដល់ពិធីបុណ្យ ឬ អាយុជីវិតរបស់ប្រជាពលរដ្ឋអ្នកចូលរួមនោះទេ។
របាយការណ៍ស្តីពី បទល្មើសនៅទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បង្ហាញថា បានកើតឡើងចំនួន២៨លើក ក្នុងនោះបទឧក្រិដ្ឋមានចំនួន៧ករណី និងបានឃាត់ខ្លួនមនុស្ស ចំនួន៤០នាក់។ ដោយឡែកសម្រាប់ តែរាជធានីភ្នំពេញក្នុងរយៈពេល៣ថ្ងៃនេះ ករណីខ្វេះហោប៉ៅបានកើតឡើងចំនួន១៨លើក ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៦នាក់, ករណីខ្យល់គរ ថប់ដង្ហើមចំនួន១៤ករណី, ករណីកីឡាករធ្លាក់ទឹកចំនួន១៨នាក់, លិចទូកចំនួន៤គ្រឿង និងករណីក្មេងវង្វែងបាត់ឳពុកម្តាយចំនួន៥៧ករណី។ ដោយឡែកលើគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេល៣ថ្ងៃនេះវិញ មានចំនួន៣៤លើក បានបណ្តាលឲ្យមនុស្សចំនួន១៤នាក់ស្លាប់និង៩៩នាក់រងរបួស ៕ ថាច់ យ៉ាត