ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គការផ្ទះមេត្តាបានអញ្ជើញដើមបណ្តឹងរដ្ឋប្បវេណីនៃសាលាក្តីខ្មែរក្រហមជាច្រើននាក់មកទស្សនាការសម្តែងល្ខោននិយាយរៀង«ណ្តើកក្លាហាន»នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា.អាល្លឺម៉ង់ ។
លោក នីកូ ម៉ាស្ទ័រហាម ( Nico Masterham)ប្រធានអង្គការផ្ទះមេត្តាបានមានប្រសាសន៍ថាចាប់តាំងពីឆ្នាំ២០១៦មក គម្រោង«អណ្តើកក្លាហាន»បានដំណើរការចេញទៅសម្តែងតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ នេះជាលើកដំបូងដែលល្ខោននិយាយត្រូវបានប្រើជាវិធីសាស្ត្រអប់រំថ្មីនៅក្នុងថ្នាក់រៀនដើម្បីបង្កើនចំណេះដឹងនិងការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រខ្មែរក្រហមទៅកាន់សិស្ស និស្សិតកម្ពុជា។
លោកបានបន្តថា រហូតមកដល់ពេលបច្ចុប្បន្ននេះយុវជនច្រើនជាង១០.០០០នាក់បានចូលរួមក្នុងកម្មវិធីនេះដោយបានសម្តែងនៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជាដូចជានៅសាកលវទ្យាល័យបញ្ញាសាស្ត្រ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យបៀលប្រាយ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាកលវទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញ សាកលវទ្យាល័យបាត់ដំបង សាកលវិទ្យាល័យអន្តរជាតិឌួវីក្នុងខេត្តបាត់ដំបងនិងវិទ្យាស្ថានប្រាយហូបក្នុងខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះរួមមានកិច្ចសន្ទនាអន្តរជំនាន់ជាមួយដើមបណ្តឹងរដ្ឋប្បវេណីការបញ្ជាំងខ្សែភាពយន្ត ការប្រកួតគួរគំនូរនិងការផលិតខ្សែភាពយន្តថ្មី។
លោកបានបន្ថែមថា គម្រោងនេះត្រូវបានដាក់ស្នើជាគម្រោងសំណងផ្លូវច្បាប់ទៅកាន់សាលាក្តីខ្មែរក្រហមនិងបច្ចុប្បន្នកំពុងត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃ«ការធានាមិនឲ្យកើតឡើងវិញ»ក្រោមកិច្ចសហការជាមួយអង្គភាពគាំពារជនរងគ្រោះនិងតំណាងសហមេធាវីនាំមុខដើមបណ្តឹងរដ្ឋប្បវេណីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
លោកប្រធានអង្គការបានបញ្ជាក់ថា គម្រោង«អណ្តើកក្លាហាន»អាចធ្វើប្រតិបត្តិការទៅបានក៏ដោយសារមូលនិធិពីសហភាពអឺរ៉ុប« EU»និងវិទ្យាស្ថានទំនាក់ទំនងកិច្ចការបរទេសអាល្លឺម៉ង់ហៅកាត់ថា(IFA)ដោយរួមសហការជាមួយក្រសួងអប់រំយុវជននិងកីឡា។ អង្គការក្រៅរដ្ឋភិបាលជាដៃគូរួមមានអង្គការសកម្មភាពសិល្បះខ្មែរ និងអង្គការយុវសន្តិភាពនិងមានជំនួយឧបត្ថម្ភបន្ថែមទៀតបានមកពីក្រុមហ៊ុនទូស័ព្ទចល័ត Smart និងក្រុមហ៊ុនភេសជ្ជះ Freshy។
គួររំលឹកថាក្នុងគម្រោងនេះសហភាពអឺរ៉ុប« EU»បានផ្តល់ថវិកាសរុបចំនួន ៧២៤.៧០០ អឺរ៉ូ ដែលការផ្តល់នេះធ្វើឡើងតាមរយៈដំណើរការមួយដែលមានភាពប្រកួតប្រជែង។
លោកចច អែដហ្គា( George Edgar) ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបបានមានប្រសាសន៍កាលពីពេលថ្មីៗកន្លងមកនេះថា “ខ្ញុំមានក្ដីសោមនស្សរីករាយដោយសហភាពអឺរ៉ុបដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា អាចគាំទ្រដល់អង្គការសង្គមស៊ីវិលនានាដែលធ្វើការលើផ្នែកចងក្រងឯកសារ ការអប់រំ និងការយល់ដឹងអំពីប្រវត្តិសាស្រ្តថ្មីៗរបស់ប្រទេសកម្ពុជា”។
លោកឯកអគ្គរដ្ឋទូតក៏បានបន្ថែមថា “ជំនួយឥតសំណងទាំងនេះគឺជាការរួមចំណែកដ៏សំខាន់មួយដែលមិនត្រឹមតែសម្រាប់ការខិតខំតស៊ូរបស់ប្រទេសកម្ពុជាដើម្បីការផ្សះផ្សារ និងយុត្តិធម៌នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការអប់រំយុវជនជំនាន់ក្រោយរបស់ប្រទេសកម្ពុជាផងដែរ។ការលើកទឹកចិត្ត និងការពង្រឹងការចងចាំអំពីប្រវត្តិសាស្រ្តក្នុងចំណោមប្រជាជនទាំងមូល ក៏ដូចជាបុគ្គលម្នាក់ៗមានន័យថាជាការបង្កើនចំណេះដឹង និងការយល់ដឹងអំពីសារសំខាន់នៃការគោរពសិទ្ធិមនុស្ស។ ខ្ញុំសង្ឃឹមថា កិច្ចការដែលយើងកំពុងឧបត្ថម្ភមូលនិធិនឹងលើកទឹកចិត្តដល់វប្បធម៌សន្ទនា និងការពិភាក្សាប្រកបដោយការស្ថាបនាដែលឆ្លុះបញ្ចាំងទៅលើអត្ថន័យនៃពាក្យយុត្តិធម៌ និងការផ្សះផ្សារផងដែរ” ៕ ស តារា