ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយអាយុ៧០ឆ្នាំម្នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវបុរសម្នាក់បើកម៉ូតូបុកខណៈកំពុងដើរឆ្លងផ្លូវ

ចែករំលែក៖

ខេត្តកណ្ដាលៈ លោកយាយអាយុ៧០ឆ្នាំម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបុរសម្នាក់បើកម៉ូតូបោះពួយបុកពេញមួយទំហឹង គ្រាដែលលោកយាយរងគ្រោះកំពុងដើរឆ្លងផ្លូវ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចខាងជើងវត្ដព្រែកឫស្សីប្រហែល២០ម៉ែត្រ ស្ថិតក្នុងភូមិ/សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចារាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ ស៊ូ លាវ អាយុ៧០ឆ្នាំ មានទីលំនៅភូមិ/សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។ ចំណែកឯម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្ដាល 1E-8205 បើកបរដោយឈ្មោះ លុន ចំណាន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាគុបបើកបរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿនស្ថិតក្នុងសភាពរេចង្កូតពេញផ្លូវ ។ លុះបើកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកលោកយាយរងគ្រោះកំពុងដើរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចពេញមួយទំហឹង បណ្ដាលឲ្យលោកយាយដួលបោកទៅលើផ្លូវរងរបួសធ្ងន់ រីឯម៉ូតូក៏ដួលផងដែរធ្វើឲ្យអ្នកបើកបររងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបរម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅចាប់ខ្លួនវាស់ជាតិអាកុល រកឃើញថាមានជាតិអាកុលនៅក្នុងខ្លួនចំនួន១០៤មីលីក្រាមក្នុង១លីត្រខ្យល់ ។ ដោយឡែកលោកយាយរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនសម្ភពផល្លីក្រុងតាខ្មៅ ។ បច្ចុប្បន្នអ្នកបើកបរនិងម៉ូតូ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

s-1 s-2 s-3 s-4 s-5 s-6 s-7


ចែករំលែក៖