ព័ត៌មានទាន់ហេតុការណ៍៖

ចោរបាញ់ប្លន់ថៅកែទិញស្រូវនិងអ្នកលក់ ស្រូវយកលុយគេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តបាត់ដំបង៖ មានករណីប្លន់ ប្រដាប់អាវុធមួយបានកើតឡើងលើ ពលរដ្ឋជាអ្នកទិញនិងលក់ស្រូវដោយ ក្រុមចោរមានគ្នា៣នាក់បាញ់គំរាមដោយ ប្រើកាំភ្លើងអាកា២ដើមយកកាបូបលុយ ពីជនរងគ្រោះរួចគេចខ្លួនបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅត្រង់ចំណុចមុខវត្តទួល ព្រះខែ ក្នុងភូមិក្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹង ថា ជនរងគ្រោះជាអ្នកទិញ-លក់ស្រូវទាំង ២នាក់ម្នាក់ឈ្មោះអ៊ុក អឿ ភេទ ស្រី អាយុ ៥១ឆ្នាំ (ថៅកែទិញស្រូវ) មានទីលំនៅក្នុង ភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្ត បាត់ដំបងត្រូវចោរប្លន់យកកាបូបទៅបាត់ដែលក្នុងនោះមានលុយចំនួន៥ម៉ឺនបាត់និងលុយខ្មែរ១០លានរៀល និងជនរងគ្រោះ ម្នាក់ទៀតឈ្មោះ មួង ស៊ីណាត អាយុ៤១ ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុក ថ្មគោលត្រូវចោរយកកាបូបទៅបាត់ដែរ ដែលក្នុងនោះមានលុយ៧ម៉ឺន៥ពាន់បាត លុយខ្មែរ៥០ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាក ណូគា១គ្រឿង ។

សាក្សីនិយាយថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២បានណាត់គ្នាយកស្រូវមកចំណុចកើតហេតុដើម្បីថ្លឹងទម្ងន់ហើយពេលថ្លឹងរួចរាល់បានឱ្យក្រុមកម្មករ២-៣ នាក់ជញ្ជូនស្រូវដាក់លើរថយន្ត។ មួយ សន្ទុះក្រោយមក ខណៈជនរងគ្រោះកំពុង អង្គុយទូទាត់ និងរាប់លុយស្រាប់តែលេច មុខក្រុមចោរ៣នាក់ចេញមកពីទិសខាង លិចប្រដាប់ដោយកាំភ្លើងអាកា២ដើមរត់ មកភ្ជង់ពួកគាត់ហើយបាញ់ភ្ញុចដីចំនួន៣គ្រាប់ដើម្បីគំរាមយកកាបូបលុយពីជនរងគ្រោះទាំង២នាក់រួចរត់ចូលព្រៃបាត់តែម្តង។

ករណីនេះនៅព្រឹកថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ ២០១៦ កម្លាំងសមត្ថកិច្ចបានចុះទៅត្រួត ពិនិត្យដល់កន្លែងកើតហេតុ និងសាកសួរ ជនរងគ្រោះដើម្បីស្រាវជ្រាវតាមរកមុខ សញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធខាងលើ ។

គួរបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ មិនបានរងរបួសនោះទេ តែលុយដែលជនរងគ្រោះមានសម្រាប់ធ្វើជាដើមទុករកស៊ី ទិញស្រូវត្រូវចោរប្លន់យកទៅអស់គ្មាន សល់ឡើយ ៕ សំ វិច្ឆិកា

1 2


ចែករំលែក៖