អាជ្ញាធរ ស្រុក ខេត្ត និងស្ថាប័នជំនាញដូចជារដ្ឋបាលព្រៃឈើ និងបរិស្ថាននៅខេត្តពោធិ៍សាត់ នៅតែធ្វើមិនដឹង មិនឮចំពោះបទល្មើសកាប់បំផ្លាញព្រៃឈើ ដែលបាននិងកំពុងកើតឡើង ។ ជាក់ស្តែងថ្មី២នេះ កម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបបទល្មើសព្រៃឈើនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយរឹបអូសបានរណារយន្ត៣គ្រឿង, ម៉ាស៊ីនភ្លើងមានឌីណាម៉ូ១គ្រឿង, ប្រេងម៉ាស៊ុត២៩ប៊ិដុង, រថយន្តធុនធំសម្រាប់ដឹកឈើ២គ្រឿង និងម៉ូតូវ៉េវ អាល់ហ្វា១គ្រឿង ។ នេះបញ្ជាក់ថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅស្រុកវាលវែង នៅតែកើតមានជារៀងរាល់ថ្ងៃ ក្រោមក្រសែភ្នែកមន្ត្រីបរិស្ថាន ។
ប្រភពរាយការណ៍ថា ពួកឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើទាំងតូច ទាំងធំ សុទ្ធតែបង់ប្រាក់ឲ្យសមត្ថកិច្ចបរិស្ថាន ពីព្រោះមួយចំណែកនៃព្រៃឈើដែលគេកាប់យកចេញ ស្ថិតនៅក្នុងដែនសមត្ថកិច្ចបរិស្ថាន ។ ប៉ុន្តែសម្រាប់ឈ្មួញជាទូទៅ បើទោះជាឈើចេញពីប្រភពណាក៏ដោយ ក៏ត្រូវតែបង់ឲ្យមន្ត្រីបរិស្ថាននោះដែរ ។ លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ត្រូវកូនចៅរាយការណ៍ថា កំពុងគ្រប់ទឹកជាមួយនឹងបទល្មើសនៃការដឹកជញ្ជូនឈើ ។ លោកមិនដែលខ្វល់ចំពោះការដែលត្រូវចាត់វិធានការបង្ក្រាបបទល្មើសអ្វីនោះឡើយ ពីព្រោះពួកឈ្មួញមិនដែលយកលុយឲ្យលោកនៅក្នុងព្រៃនោះទេ ពោលគឺគេយកលុយឲ្យនៅឯផ្ទះ ឬក៏វេរតាមកុងធនាគារ ។ ដូច្នេះគ្មាននរណាដឹងនោះឡើយ ។ នៅឯខេត្តពោធិ៍សាត់ ក្រុមមន្ត្រីបរិស្ថាននិយាយថា លោក ប៉ាន់ មរកត ដែលមិនខ្លាចនរណានោះ ទំនងជាអាងឥទ្ធិពលរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ។
គេមិនដឹងថា លោករដ្ឋមន្ត្រីសាយ សំអាល់ មានជំពាក់វាក់វិនជាមួយលោក ប៉ាន់ មរកត ក្នុងរឿងបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់នោះដែរឬយ៉ាងណានោះទេ? ប៉ុន្តែបទល្មើសដែលបាននិងកំពុងកើតឡើងនៅក្នុងខេត្តពោធិ៍សាត់ មិនឃើញរដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់វិធានការយ៉ាងណាឡើយ ។ មន្ត្រីខ្លះនិយាយថា ថ្នាក់ដឹកនាំក្រសួងត្រូវការថវិកាខ្លះពីមន្ត្រីថ្នាក់ខេត្តដើម្បីចុះមូលដ្ឋាន ។ ដូច្នេះចេះតែបិទភ្នែក ដើម្បីបានថវិកាសម្រាប់ជួយមូលដ្ឋានខ្លះដែរ ។ បើមិនយ៉ាងដូច្នោះ មិនដឹងថា តើត្រូវរកលុយពីណាដើម្បីចុះមូលដ្ឋាននោះទេ ។ ទំនងជាដូចពួកមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់លើកឡើងយ៉ាងដូច្នេះហើយ ទើបលោករដ្ឋមន្ត្រីសាយ សំអាល់ ស្ងាត់ឈឹងជាមួយនឹងបទល្មើសទ្រង់ទ្រាយធំនៅខេត្តពោធិ៍សាត់ ទុកឲ្យលោក ប៉ាន់ មរកត ជិះសេះលែងដៃ ៕