ក្រុមអាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansaមានគម្រោងធ្វើ កូដកម្មរយៈពេល២ថ្ងៃ ក្រោយពេលពិភាក្សា ស្តីពីប្រាក់ខែត្រូវបរាជ័យ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
តំណាងក្រុមអាកាសយានិកបានបញ្ជាក់ ថា ពួកគាត់នឹងបោះបង់ការងារដើម្បីធ្វើ កូដកម្មរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និង៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការធ្វើកូដកម្មថ្ងៃដំបូងសម្តៅទៅលើជើងហោះហើរ រយៈចម្ងាយខ្លីក្នុងស្រុក ហើយថ្ងៃបន្ទាប់ នឹងធ្វើបាតុកម្មដល់ជើងហោះហើររយៈ ចម្ងាយឆ្ងាយវិញ។
ក្រុមអាកាសយានិកបានបញ្ជាក់ថា ក្រុម ហ៊ុនអាកាសចរណ៍អាល្លឺម៉ង់មិនទាន់មានសំណើផ្លូវការណាមួយសម្រាប់កិច្ចពិភាក្សា ជាមួយតំណាងបាតុករនៅឡើយទេ។ ជាមួយគ្នានោះក្រុមហ៊ុន Lufthansa បញ្ជាក់ ថាសំណើរបស់ក្រុមអាកាសយានិកមិន អាចទទួលយកបានឡើយ។
ការធ្វើកូដកម្មចាប់ផ្តើមតាំងពីសប្តាហ៍កន្លងមក ធ្វើឲ្យជើងហោះហើររបស់ក្រុមហ៊ុនខាងលើរហូតដល់ទៅ២.៧៥៥ជើងត្រូវលុបចោលរយៈពេល៤ថ្ងៃ ធ្វើឲ្យអ្នក ដំណើររហូតដល់ទៅ៣៤៥ពាន់នាក់រង ផលប៉ះពាល់ ។
ចំណែក្រុមហ៊ុន Lufthansa បានស្នើ ដល់អតិថជនរបស់ខ្លួនត្រួតពិនិត្យលើជើងហោះហើររបស់ខ្លួនដោយផ្ទាល់ខ្លាចមាន ការផ្លាស់ប្តូរ ពេលហោះហើរ ឬពន្យារ ពេល។ ចំណែកក្រុមអាកាសយានិកបានបញ្ជាក់ថា ក្រុមហ៊ុនមិនបានដំឡើងប្រាក់ខែក្នុងរយៈពេល៥ឆ្នាំ ចំណែកប្រាក់ចំណេញ បានកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រ។ ក្រុមអាកាសយានិកស្នើឲ្យក្រុមហ៊ុនដំឡើង ប្រាក់ខែយ៉ាងតិច ៣,៧ភាគរយនៃប្រាក់ របស់ពួកគេក្នុងមួយឆ្នាំ៕ ម៉ែវ សាធី