ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលមួយខែអង្គភាពប្រឆាំងអំពើពុករលួយទទួលពាក្យបណ្តឹង ៤៨ បណ្តឹង

ចែករំលែក៖

ភ្នំពេញៈ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី១៧ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃម្សិលមិញ ត្រឹមតែរយៈពេលមួយខែគឺខែវិច្ឆិកា ឆ្នាំ២០១៦ បណ្ដឹងចំនួន៤៨បណ្តឹង បានប្ដឹងចូលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលក្នុងនោះ បណ្ដឹងអនាមិកមានចំនួន១៨ពាក្យ ស្មើនឹង៣៧%។ ប៉ុន្តែឱម យ៉ិនទៀង មិនបានបញ្ជាក់ឲ្យលម្អិតពីបណ្ដឹងទាំងនោះឡើយ។

លោក ឱម យ៉ិនទៀង ក៏បានបន្ថែមថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦នេះ ACU ទទួលបានឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន៨៨នាក់ ក្នុងនោះ មន្ត្រីតែងតាំងថ្មីចំនួន៧៤នាក់ មន្ត្រីលាលែង និងលាឈប់ពីមុខតំណែងចំនួន៤នាក់ និងមន្ត្រីចូលនិវត្តន៍ចំនួន៣នាក់។ តាមសំណូមពរស៊ើបអង្កេត អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានតម្រូវឲ្យមន្ត្រីចំនួន២នាក់ ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលបានរហ័ស។

នៅក្នុងកិច្ចប្រជុំលើកទី១៧ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦ដោយមានវត្តមានអ្នកចូលរួមសរុបចំនួន១០រូប លើ១១រូប ដំណើរការក្រោមអធិបតីភាព លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានវាយតម្លៃខ្ពស់ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុងអង្គភាពនេះដែលមានចំណាត់ការប្រកបដោយតម្លាភាព និងគ្រប់ជ្រុងជ្រោយទាំងវិធានការក្រៅ និងផ្ទៃក្នុង ដើម្បីបង្ការ និងទប់ស្កាត់អំពើពុករលួយ បានល្អ ៕ ប្រាថ្នា

cu11


ចែករំលែក៖