ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានអាកាសស្តុបផ្សារដីហុយស្ថាបនាសម្រេចបានប្រមាណ៣០ភាគរយហើយ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានបើកការដ្ឋានសាងសង់ស្ពានអាកាសស្ដុបផ្សារដីហុយកាលពីចុងខែសីហាកន្លងមកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថារហូតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសស្ដុបផ្សារដីហុយ សម្រេចបានប្រមាណ៣០ភាគរយហើយ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថាការអនុវត្ដការងារនៅក្នុងការដ្ឋាន ទាំងមូលសម្រេចបានប្រមាណ៣០ភាគ រយដោយអ្នកជំនាញកំពុងតែចាក់ដំឡើងសសរស្ពាន ចាក់ជើងតាងនិងចាក់ពុម្ព សសរបេតុងស្ពាន។

លោកបានបន្ដថាដំណើការនៃការស្ថាបនាស្ពាននេះ កំពុងតែមានភាពមមាញឹក ទៅតាមផ្នែកនីមួយៗដើម្បីជំរុញឱ្យបាន ចប់រួចរាល់នៅចុងឆ្នាំ២០១៧ខាងមុខ។

ជាមួយគ្នានេះគម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយមានប្រវែង៩០៥ ម៉ែត្រ ទទឹង១៦,៥ម៉ែត្រ ដែលគ្រោងនឹង បព្ចាប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០១៧ ខាងមុខ។

ស្ពានអាកាសស្តុបផ្សារដីហុយ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ីនឹងផ្លូវហាណូយ(១០១៩) ដែលជាគម្រោង ហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជា មានិតចិននិងទទួលបានសិទ្ធិសាងសង់ ដោយក្រុមហ៊ុនសៀងហៃហើយត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៤កន្លែង ក្នុងនោះមានស្ពានអាកាសក្បាលថ្នល់ ស្ពាន អាកាសស្ទឹងមានជ័យ ស្ពានអាកាស៧ មករា ស្ថិតនៅស្ដុបពេទ្យលោកសង្ឃ និងស្ពាន អាកាស៥មករា ស្ថិតនៅស្ដុបតិចណូ។

ដោយឡែកសាលារាជធានីភ្នំពេញក៏ មានគម្រោងកែលម្អស្ថាបនាស្ពានអាកាសក្បាលថ្នល់ ស្ថាបនាផ្លូវក្រោមដីត្រង់ភ្លើងស្តុបបេកាសេនិងកំពុងស្ថាបនាស្ពានអាកាសស្តុបផ្សារដីហុយដើម្បីជួយសម្រួលនិង រំដោះការកកស្ទះចរាចរន៍ក្នុងរាជធានី ភ្នំពេញឱ្យកាន់តែប្រសើរ៕ សហការី

se


ចែករំលែក៖