ព័ត៌មានទាន់ហេតុការណ៍៖

ក្របួច​ចោរ​គាស់​ផ្ទះ​បាន៣​នាក់ រឹបអូសឧបករណ៍គាស់ផ្ទះជាច្រើន ឯ២នាក់ទៀតរត់រួច

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ចោមចៅបានង្ក្រាបក្រុមចោរគាស់ផ្ទះមួយក្រុមឃាត់ខ្លួនបាន៣នាក់ ឯ២នាក់ទៀតរត់គេចខ្លួនបាត់កាលពីវេលោម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវចាប់ខ្លួនរួមមាន ទី១- ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ មានស្រុកកំណើត នៅស្រុកកំចាយមារខេត្តព្រៃវែង ទី២- ឈ្មោះ វ៉ា សុខនី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅជាមួយគ្នា និងទី៣- ឈ្មោះ ទី កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅជាមួយគ្នា។ រីឯ២នាក់ ទៀតដែលគេចខ្លួននោះមិនត្រូវបានគេស្គាល់ឈ្មោះឡើយ ។
ទោះយ៉ាងណាគ្រាន់តែកម្លាំងនគរបាលនាំខ្លួនពួកគេទៅប៉ុស្តិ៍នគរបាលចោមចៅនោះ ស្រាប់តែជនសង្ស័យទាំង៣នាក់នេះត្រូវបានប្រជាពលរដ្ឋនាំគ្នា វាយមួយដៃមួយជើងម្នាក់ឡើងទ្រមខ្លួនទោះបីសមត្ថកិច្ចខំរារាំងក៏ដោយ ព្រោះពួកគាត់កន្លងមកបានរងការបាត់បង់ទ្រព្យដោយសារក្រុមចោរគាស់ផ្ទះនេះ ។

សមត្ថកិច្ចឲ្យដឹងទៀតថា ពេលបង្ក្រាប និងចាប់ខ្លួនពួកគេនោះ កម្លាំងនគរបាលបានរកឃើញឧបករណ៍សម្រាប់គាស់ផ្ទះដូចជា ដែកគាស់តូចៗ៣ ទួណឺវិសចំនួន៣ កូនសោមួយចំនួន ដង្កាប់អូតូម៉ាទិក១ បង់កាំភ្លើង១ និងអត្តសញ្ញាណប័ណ្ណចំនួ៩សន្លឹក ដែលពួកគេលួចពីកន្លែងផ្សេងនាពេលកន្លងមក រួចបានកសាងសំណុំរឿងទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕ សុខាសែនជ័យ
image2 image1


ចែករំលែក៖