ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម ក្រើនរំឭកឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនតាមខេត្តយក ចិត្តទុកដាក់ខ្ពស់លើអតីតយុទ្ធជន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជនក្នុងខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦កន្លងមកនេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខា ធិការសមាគមអតីតយុទ្ធជនបានបន្តក្រើន រំលឹក និង ដាស់តឿនទៅដល់ថ្នាកដឹកនាំសមាគមនៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើ សុខទុក្ខរបស់អតីតយុទ្ធជន ហើយត្រូវ ដោះស្រាយបញ្ហាជូនពួកគាត់ឲ្យបានទាន់ពេលវេលា ។

នាយឧត្តមសេនីយ៍ គន់ គីម បាន លើក ឡើងថា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ខេត្ត ស្រុក ក្រុង និងសាខាឃុំ សង្កាត់ ត្រូវ បែងចែកភារកិច្ចគ្នាបន្តចុះជួបអតីតយុទ្ធជនតាម ឃុំ ភូមិ ដែលទទួលខុសត្រូវ ដោយ ប្រមូលផ្តុំជួបជុំជាក្រុមតូចៗ ឬ តាមគ្រួសារ នីមួយៗដើម្បីសួរសុខទុក្ខ ពិគ្រោះយោបល់ គ្នាផង និងធ្វើការស្វែងយល់ពីស្ថានភាព ជីវភាព ស្ថានភាពសុខភាពផង ។

លោកអគ្គលេខាធិការបន្តថា ត្រូវរិះរកគ្រប់លទ្ធភាពជួយអន្តរាគមន៍ឲ្យទាន់ពេល វេលាក្នុងករណីអតីតយុទ្ធជន ឬ សមាជិក គ្រួសារណាម្នាក់ មានគ្រោះថ្នាក់ មានជំងឺ ឬ ជួបលំបាកជីវភាព ត្រូវការជំនួយសង្គ្រោះ បន្ទាន់ ឬ ទទួលមរណភាព ដែលត្រូវចលនា គ្នាជួយរៀបចំបុណ្យសពឲ្យបានអធិកអធម ។

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ ថា ទង្វើទាំងអស់នេះ សុទ្ធតែជាអំពើសប្បុរស ជាវប្បធម៌ចែករំលែកក្នុងស្មារតីសាមគ្គីជួយគ្នា ទៅវិញទៅមក របស់សមាគមយើងដែលចាំបាច់ត្រូវបន្តអនុវត្តឲ្យបានជាប់ជាប្រចាំ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយស ដល់អតីតយុទ្ធជនយើង ក្នុងគ្រាកំពុងមាន ទុក្ខជួបលំបាក ក្នុងគ្រាមានអាសន្ននេះ ។

សូមបញ្ជាក់ថា ស្រុកគងពិសី និងស្រុក បរសេដ្ឋ ជាស្រុក២ចុងក្រោយ ក្នុងចំណោម ស្រុក ក្រុងទាំង៨ នៃខេត្តកំពង់ស្ពឺ មានអតីត យុទ្ធជន សរុបចំនួន ៥.១៤៥នាក់ ដែលបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយនាយឧត្តមសេនីយ៍ គន់ គីម ។

តាមការពិនិត្យជាក់ស្តែងឃើញថា នៅ គ្រប់ពិធីជួបជុំអតីតយុទ្ធជនជាសមាជិក សមាគមគឺសមាជិកម្នាក់ៗសុទ្ធតែមានទឹក មុខសប្បាយ រីករាយ និងសម្តែងការពេញ ចិត្តពេញថ្លើមចំពោះនាយឧត្តមសេនីយ៍ អគ្គលេខាធិការ គន់ គីម ដែលបានលះបង់ ពេលវេលាចុះជួបសួរ សុខទុក្ខបងប្អូន ដែលពីមុនមកអាក់ខានមួយរយៈ ។

អតីតយុទ្ធជន ក៏បានសម្តែងក្តីសង្ឃឹម ជឿជាក់ថា ថ្នាក់ដឹកនាំសមាគមនៅគ្រប់ ថ្នាក់ ដែលដឹកនាំដោយសមាសភាពចម្រុះថ្មីនេះនឹងខិតខំបំពេញភារកិច្ច គិតគូរផល ប្រយោជន៍អតីតយុទ្ធជនជាធំ និងអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាស ខួបលើកទី៩ទិវាអតីតយុទ្ធជនកម្ពុជា កាល ពីថ្ងែទី២១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ជាមិនខាន ។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោម បណ្តាខេត្តទាំង៦នៃយោធភូមិភាគទី៣នេះ នៅសល់តែ៦ស្រុកទៀតប៉ុណ្ណោះដែលមានអតីតយុទ្ធជនចំនួន២.៧០៣នាក់ក្នុងខេត្តកំពតនៅមិនទាន់បានជួបសំណេះ សំណាល នៅឡើយ។ នាយឧត្តមសេនីយ គន់ គីម គ្រោងនឹងចុះជួបសំណេះសំណាលនៅសប្តាហ៍ទី ២ ខែធ្នូ ខាងមុខ៕ ហេង សូរិយា

kunkim-1 kunkim-2 kunkim-3


ចែករំលែក៖