ព័ត៌មានទាន់ហេតុការណ៍៖

សាលារៀន៣នៅខេត្តកំពង់ឆ្នាំងទទួលបានការដាំកូនឈើចំនួន៥០០ដើម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ដើម្បីជួយបរិស្ថាន និងទប់ស្កាត់គ្រោះមហន្តរាយអង្គការ Save the Children បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនព្រូដិនសល កម្ពុជា បានស្ម័គ្រចិត្តធ្វើដំណើរទៅខេត្តកំពង់ឆ្នាំងដើម្បីដាំដើមឈើចំនួន៥០០ដើមនៅសាលាក្នុងមូលដ្ឋានចំនួនបីសំដៅលើកស្ទួយបរិស្ថានបៃតងនិងចូលរួមចំណែកការពារគ្រោះមហន្តរាយធម្មជាតិតាមរយៈការដាំដើមឈើយ៉ាងត្រឹមត្រូវ ។

សាលាបឋមសិក្សាចំនួនបីក្នុងខេត្តកំពង់ឆ្នាំង គឺសាលាបឋមសិក្សាឈូកមាស, សាលាបឋមសិក្សាត្រពាំងជ្រំនិងសាលាបឋមសិក្សាជួបមាស ។ នៅសាលាទាំង នោះអ្នកស្ម័គ្រចិត្តដែលជាបុគ្គលិកនិងទី ប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏បានឆ្លៀតឱកាសបណ្តុះបណ្តាលកុមារអំពីចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងការបង្ការគ្រោះធម្មជាតិ ក៏ដូចជាបច្ចេកទេសសម្រាប់ការពារខ្លួនក្នុងករណី គ្រោះមហន្តរាយ ដូចជា អគ្គិភ័យនិងទឹក ជំនន់ជាដើម ។ព្រឹត្តិការណ៍ដ៏ធំនេះគឺជា សកម្មភាពទំនួលខុសត្រូវសង្គម (CSR) ថ្មីមួយទៀតពីព្រូដិនសលកម្ពុជា ដែលចូលរួមចំណែកកែលម្អសហគមន៍ក្នុងតំបន់ លើកនេះតាមរយៈការលើកស្ទួយបរិស្ថាន និងបណ្តុះវប្បធម៌ស្រឡាញ់បរិស្ថានក្នុង ចំណោមសមាជិកសហគមន៍ ជាពិសេស កុមារា-កុមារីនៅតាមសាលារៀន ។

លោក ឈឿង គិរីរ័ត្ន ប្រធានគ្រប់គ្រង ជាន់ខ្ពស់ផ្នែកទីប្រឹក្សាធានារ៉ាប់រងអាយុ ជីវិតនៃក្រុមហ៊ុនព្រូដិនសលកម្ពុជាបាន មានប្រសាសន៍ថា “ថ្ងៃនេះខ្ញុំបានចូលរួមជាមួយនឹងសហការីរបស់យើងមកពីក្រុមហ៊ុនព្រូដិនសលកម្ពុជាដែលរួមមានបុគ្គលិក របស់ក្រុមហ៊ុននិងទីប្រឹក្សាធានារ៉ាប់រង អាយុជីវិតដែលមានចំនួនជាងរាប់សិបនាក់ ហើយយើងបានចូលរួមក្នុងកម្មវិធីដាំដើមឈើដោយយើងបានយកកូនឈើល្អៗចំនួន៥០០ដើម មកដាំនៅតាមសាលាចំនួនបីនៅក្នុងខេត្តកំពង់ឆ្នាំងនេះ ហើយកម្មវិធីនេះធ្វើឡើងក្រោមការសហការជាមួយនឹងអង្គការ Save the Children ។ គោលបំណងនៃកម្មវិធីមានពីរចំណុចសំខាន់ៗគឺ ទីមួយ ជាការរួមចំណែកក្នុងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ដែលបាននឹងកំពុងព្យាយាមការពារបរិស្ថាន និងបង្កើតភាពធន់ចំពោះគ្រោះ មហន្តរាយធម្មជាតិផ្សេងៗ ។ ចំណុចទីពីរ នោះគឺកម្មវិធីនេះជាការរួមចំណែកពីក្រុមហ៊ុនព្រូដិនសលកម្ពុជាស្របតាមគោល ការណ៍ដែលយើងនិយាយថា ‘Doing Well by Doing Good’ បានន័យថា យើងធ្វើប្រតិបត្តិការល្អ ជោគជ័យ ហើយយើងផ្តល់ត្រឡប់ទៅឲ្យសហគមន៍វិញដែរ” ។

ក្រុមការងារក៏បានចែកផ្ទាំងរូបភាពអំពីការទប់ស្កាត់ និងវិធានការឆ្លើយតបក្នុងករណីគ្រោះមហន្តរាយទៅដល់សមាជិកសហ គមន៍និងតំណាងសាលាដើម្បីពួកគាត់ អាចមានចំណេះដឹង និងធ្វើការសម្រេច ចិត្តបានត្រឹមត្រូវក្នុងករណីមានគ្រោះបន្ទាន់ណាមួយ ក៏ដូចជាបណ្តុះគំនិតទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិជាមុនតាមរយៈសកម្មភាពដាំដើមឈើ ជាដើម ។

លោក ថាយ វីរ៉េត ជាទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ម្នាក់ដែលបានស្ម័គ្រចិត្ដចូលរួមក្នុងកម្មវិធីដាំដើមឈើនេះ បាននិយាយថា “ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែន ថ្វីដ្បិតតែរាងហត់បន្តិច ប៉ុន្តែសប្បាយចិត្តដែលបានមកចូលរួមក្នុងការដាំកូនឈើ ដើម្បីឲ្យបរិស្ថានរបស់យើងកាន់តែ ល្អប្រសើរទៅថ្ងៃមុខ ។ ជាសារបន្ថែមខ្លីមួយ ខ្ញុំសូមសំណូមពរឲ្យយុវជន ក៏ដូចជាយើងទាំងអស់គ្នាចូលរួមដាំកូនឈើទាំងអស់គ្នា ដើម្បីធ្វើឲ្យបរិស្ថានរបស់យើងល្អប្រសើរទៅថ្ងៃមុខទាំងអស់គ្នា និងដើម្បីសង្គមជាតិរបស់យើងទាំងអស់គ្នា “៕ វឌ្ឍនា

photo-3 photo-1 photo-2


ចែករំលែក៖