ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់សង្ស័យបោះចោលថ្នាំញៀន១កញ្ចប់

ចែករំលែក៖

 
ភ្នំពេញ : យុវជន៣នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈសង្ស័យពួកគេបោះចោលថ្នាំញៀននៅលើដី ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៦ ត្រង់ផ្លូវ២៧១ កែងនឹងផ្លូវ១៨២ ទល់មុខក្លឹបវើលឡាយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា មុនពេលកើតហតុ ខណៈកម្លាំងចម្រុះរាជធានីកំពុងដាក់គោលដៅល្បាតនៅចំណុចខាងលើ ដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាននោះ ក៏ឃើញបុរស៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ ១D ៨២៨១ គួរឲ្យសង្ស័យ សមត្ថកិច្ចក៏ឃាត់ខ្លួនដើម្បីឆែកឆេរ ពេលនោះស្រាប់តែអ្នកទាំង៣បានជិះម៉ូតូគេចពីកម្លាំងសមត្ថកិច្ច រហូតដល់ចំណុចខាងលើ បក្ខពួកគេម្នាក់ បានលោតចុះពីលើម៉ូតូ ហើយ២នាក់ទៀត ជិះម៉ូតូចូលក្នុងក្លឹបដែលនៅជិតនោះ ។ ក្រោយមក សមត្ថកិច្ចបានប្រទះឃើញកូនកញ្ចប់ថ្នាំញៀន ដែលជ្រុះទៅលើដី នៅជិតជនសង្ស័យ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួន ។ ប៉ុន្តែពួកគេប្រកែកថា ថ្នាំញៀននេះ មិនមែនជារបស់ពួកគេទេហើយបានចោទសមត្ថកិច្ចថា ជាអ្នកយកថ្នាំមកដាក់ឲ្យពួកគេទៅវិញ ។

ក្រោយមកជនសង្ស័យបានទាក់ទងទៅមិត្តភក្ដិរបស់ពួកគេឲ្យនាំគ្នាមកកន្លែងកើតហេតុជាច្រើននាក់ ហើយក៏មានការជជែកគ្នាយ៉ាងតឹងសរសៃកជាមួយនឹងកម្លាំងសមត្ថកិច្ច ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលឆ្លងកាត់ នាំគ្នាឈប់ឈរមើលពេញផ្លូវ ។ ក្រោយមកកម្លាំងសមត្ថកិច្ច ក៏បានឃាត់ជនសង្ស័យទាំង៣នាក់នោះ យកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីសាកសួរ។

នគរបាលប៉ុស្ដិ៍ទឹកថ្លាបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើទី ១មានឈ្មោះ ឡូ រដ្ឋា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរធ្វើការនៅកន្លែងបញ្ចាំម៉ូតូ ស្នាក់នៅហាងបញ្ចាំម៉ូតូ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានស្រុកកំណើត ភូមិខ្នារូង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ, ២ ឈ្មោះ ណុល បូរី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើការកន្លែងបញ្ចាំម៉ូតូ ស្នាក់នៅឃ្លាំងបញ្ចាំម៉ូតូ ក្នុងសង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិខ្នាធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ និងទី៣ ឈ្មោះ ង៉ែត បូរី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើការនៅឃ្លាំងបញ្ចាំម៉ូតូ ស្ថិតក្នុងសង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក ស្រុកកំណើតភូមិខ្នារូង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។

បើតាមការប្រាប់ពីជនសង្ស័យខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានទើបតែចេញពីផឹកសុីនៅក្នុងខារ៉ាអូខេនៅម្ដុំដេអិន ហើយក្រោយមក ក៏ជិះម៉ូតូបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានសមត្ថកិច្ចជិះដេញពួកគេ ហើយចោទថា ពួកគេមានថ្នាំញៀនទៀត ហើយបានដេញតាម និងឃាត់ខ្លួនតែម្តង។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះ សមត្ថកិច្ចម្នាក់បានហ៊ានភ្នាល់ថា ជនសង្ស័យខាងលើពិតជាមានសារធាតុញៀននៅក្នុងខ្លួនពិតប្រាកដមែន ហើយថ្នាំញៀនមួយកញ្ចប់នេះ គាត់ឃើញជនសង្ស័យម្នាក់ដែលអង្គុយខាងក្រោយ បានបោះចោលថែមទៀតផង ហើយសមត្ថកិច្ចបានបន្តថា បើជនសង្ស័យខាងលើពិនិត្យទឹកនោមគ្មានសារធាតុញៀនគាត់ហ៊ានភ្នាល់ដកសក្តិដែលពាក់នៅនឹងស្មារបស់គាត់ចេញទៀតផង ហើយបើមិនមាននោះ ជនសង្ស័យខាងលើ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។ ទាំងនេះជាការលើកឡើងរបស់សមត្ថកិច្ច ដែលហ៊ានភ្នាល់ដកសក្តិជាមួយជនសង្ស័យខាងលើនោះ។

បច្ចុប្បន្នអ្នកទាំង៣កំពុងតែកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំការចាត់ការតាមនីតិវិធី ៕ តុង សីហា

%e1%9e%b6%e1%9e%9f-1 %e1%9e%b6%e1%9e%9f-2 %e1%9e%b6%e1%9e%9f-3 %e1%9e%b6%e1%9e%9f-4 %e1%9e%b6%e1%9e%9f-5


ចែករំលែក៖