ខេត្តកណ្តាល : ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់អាជ្ញាធរនិងក្រុមការងារចុះជួយមូលដ្ឋាន បើបងប្អូនមានបញ្ហាអ្វីនៅក្នុងគ្រួសារសូមនិយាយអោយត្រងទៅត្រងមក កុំខ្លាចរអែងអី ដើម្បីអោយក្រុមការងាររបស់គណបក្សប្រជាជនបានដឹងនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ នេះជាប្រសាសន៍លើកឡើងរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបានទទួលបន្ទុកប្រធានអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ និង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល នៅគ្រាដែល លោកដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត៨០០នាក់កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្តាហ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ។
ក្នុងពិធីជួបសំណេះសំណាលថ្ងៃចុងសប្តាហ៍នេះដែរ លោកម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារ បានបញ្ជាក់ដោយភាពទទួលខុសត្រូវ ជាមួយប្រជាពលរដ្ឋដូច្នេះថា ក្រុមការងារចុះមកជួបជាមួយបងប្អូននៅពេលនេះ គឺជាកូនចៅរបស់ទេវតាអោយមកបម្រើប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋគ្រប់បញ្ហាដែលកើតមានឡើងនៅក្នុងគ្រួសារក៍ជានៅក្នុងមូលដ្ឋាន អ្វីដែលជួបការលំបាកនៅក្នុងគ្រួសារ និងសំណូមពរយ៉ាងណានោះ សូមនិយាយអោយត្រង់ៗមក ដើម្បីអោយក្រុមការងាររកវិធីដោះស្រាយជូនទៅតាមសំណូមពរ សូមកុំខ្លាចរអែងអី តែសូមសូមបងប្អូនត្រូវគិតថាមានតែក្រុមការងាររបស់គណបក្សប្រជាជនប៉ុណ្ណោះដែលនៅជិតប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាប្រជាពលរដ្ឋ ។
លោកប្រធានក្រុមការងារបានបន្តថា អនុវត្តតាមប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុងនិងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែផ្តាំផ្ញើដល់ក្រុមការងាត្រូវចុះតាមមូលដ្ឋានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋមិនអោយប្រជាពលរដ្ឋណាម្នាក់អត់អង្ករច្រកឆ្នាំនោះឡើយ ប្រសាសន៍ផ្តាំផ្ញើក្នុងភាពទទួលខុសត្រូវជាមួយប្រជាពលរដ្ឋនេះ ត្រូវបានក្រុមការងារចុះតាមមូលដ្ឋានអនុវត្តជាប្រចាំ ។ អ្វីដែលសំខាន់សូមលោកមេភូមិ-មេឃុំដែលជាសេនាធិការអោយក្រុមការងារចុះជួយមូលដ្ឋាន ត្រូវចុះជាប់ជាប្រចាំក្តាប់ពត៍មានអោយបានហើយរាយការណ៍ពីតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋមកក្រុមការងារដើម្បីដោះស្រាយជូនពួកគាត់ ។
ជាមួយនឹងសំណូមពរជាច្រើនដូចជាខ្វះខាតថវិកាក្នុងការព្យាបាល , ខ្វះមធ្យោបាយជិះទៅសាលា , ខ្វះថវិកាសម្រាប់ទិញសម្ភារៈជួសជុលផ្ទះ , ត្រូវបានឯកឧត្តមប្រធានក្រុមការងារដោះស្រាយជូនភ្លាម់ៗ និងផ្តល់អំណោយជាមីក្នុង១គ្រួសារៗ ចំនួន១កេះ ចំពោះស្ត្រីដែលឆ្លងទន្លេទទួលបានថវិកា២០ម៉ឺនរៀលគ្រប់ក្រុមគ្រួសារទាំងអស់ ៕ សណ្តោស