ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចោរកម្មលួចទ្រព្យសម្បត្តរបស់ប្រជាពលរដ្ឋបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទចោរកម្មក្នុងភូមិយ៉ាងសកម្ម នៅក្រុងបានលុង។

ករណីចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយមានពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ ឈ្មោះខន ផារ៉ា អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងទេស មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦  សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានសហការជាមួយកម្លាំងប៉ុស្តិ៍ឡាបានសៀក បានចុះទៅដល់កន្លែងកើតហេតុ បានស្រាវជ្រាវតាមដានតម្រុយដែលបន្សល់ទុកនៅកន្លែងកើតហេតុ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះហេង ពៅ ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដែលមានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោកវរៈសេនីយ៍ឯក មាស ពៅបូរ៉ា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា ការចុះឃាត់ខ្លួនជនសង្ស័យខាងលើដោយមានពាក្យបណ្តឹងពីលោកស្រីខន ផារ៉ា នោះថានៅវេលាម៉ោង១២យប់រំលងអធ្រាត្រ នៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ មានចោរចូលលួចគាស់ផ្ទះរបស់គាត់តាមបង្អួច ខណៈកំពុងសម្រាកលង់លក់ លុះភ្ញាក់ឡើងក៏ឃើញបង្អួចរបស់គាត់របើក ពេលនោះគាត់ក៏បានឆោឡោឡើងរកទូរស័ព្ទដៃ ប៉ុន្តែចោរលួចបាត់ទៅហើយព្រមទាំងលួចលុយរបស់គាត់អស់ចំនួន៤០ម៉ឺនរៀលទៀតផង។

លោកបានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះនៅចំណុចផ្ទះរបស់ជនសង្ស័យតែម្តងស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង នៅព្រឹកថ្ងៃទី៩ ខែធ្នូ ម្សិលមិញនេះដកហូតបាននូវវត្ថុតាងទូរស័ព្ទដៃម៉ាកសាំសុង១ស៊េរី ណូតធូ ១គ្រឿង និងប្រាក់ចំនួន៤០ម៉ឺនរៀល។

លោកបន្តទៀតថា ជនសង្ស័យខាងលើជាចោរលួចជាច្រើនដងមកហើយ ប៉ុន្តែជនសង្ស័យខាងលើនេះមិនបានជាប់ពន្ធធនាគារយូរទេ ដោយសារមានអ្នកធនា។ ប៉ុន្តែជនសង្ស័យម្នាក់នេះលួចជាច្រើនដងមកហើយនេះជាលើកទី៣ មិនអាចអនុគ្រោះត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្តដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦  ៕ វុទ្ធឦសាន

img-20161210-wa0016 img-20161210-wa0015 img-20161210-wa0014


ចែករំលែក៖