ខេត្តកំពង់ស្ពឺ៖ យុវជនវ័យ១៩ឆ្នាំម្នាក់ជាប់ចោទចាប់រំលោភនាង២៩ឆ្នាំរហូតបានសម្រេចនៅក្នុងព្រៃគ្រាដែលនាងដើរមកពីច្រូតស្រូវទៅផ្ទះ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចជ្រូកខ្វេះ ខាងលិចភូមិព្រៃនរា ចម្ងាយ៨០០ម៉ែត្រ ក្នុងឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយជនសង្ស័យត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១០ ខែធ្នូ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងនារីរងគ្រោះ។
មន្រ្តីនគរបាលស្រុកសំរោងទងឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនឈ្មោះ សែ ទិត្យ ហៅដុកឌឿ អាយុ១៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។រីឯនារីរងគ្រោះឈ្មោះ អចន អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។
បើតាមការរៀបរាប់ពីនារីរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុ នាងបានត្រឡប់មកពីច្រូតស្រូវ ត្រឡប់ទៅផ្ទះ។ លុះពេលដើរដល់ចំណុចជ្រូកខ្វេះ ខាងលិចភូមិព្រៃនរាចម្ងាយប្រមាណ៨០០ ម៉ែត្រស្រាប់តែលិចមុខជនសង្ស័យចាប់នាងរំលោភនៅក្នុងព្រៃតែម្តង រួចជនសង្ស័យបានរត់គេចខ្លួន តែក្រោយកើតហេតុនាងបានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ខ្ទុំក្រាំង។
មន្រ្តីនគរបាលប៉ុស្តិ៍ខ្ទុំក្រាំងឲ្យដឹងថា ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹង ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានស្ទាក់ចាប់រំលោភនារីរងគ្រោះនោះពិតមែន។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យអាចតាមឃ្លាំមើលនារីរងគ្រោះច្រើនថ្ងៃមកហើយ ហើយនៅពេលដែលឱកាសអំណោយផលជនសង្ស័យក៏បានចាប់នារីរងគ្រោះដោយកម្រោលតែម្តង៕ សេនា ស័ក្តិ