ខេត្តសៀមរាប៖ ក្រោមកិច្ចសហការ សម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ប្រាសាទភ្នំបាខែង ដែលរងការខូចខាត ទ្រុឌទ្រោមមួយផ្នែកធំនោះបច្ចុប្បន្នកំពុងត្រូវបានជួសជុលស្តារឡើងវិញដោយស្ថាប័ន មូលនិធិប្រាសាទពិភពលោក (World Monument Fund-WMF)ដែលបានទទួល ជំនួយរបស់រដ្ឋាភិបាលអាមេរិកតាមរយៈស្ថានទូតប្រចាំនៅកម្ពុជា។ គម្រោងនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០០៤មកហើយអាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ឬដើម ឆ្នាំ២០២០ ។
លោកស្រី ជាម ផល្លី អ្នកសម្របសម្រួល នៃគម្រោង WMF បានបញ្ជាក់ថា WMF បានរួមចំណែកអភិរក្ស និងជួសជុលប្រាង្គ ប្រាសាទក្នុងឧទ្យានអង្គរតាំងពីឆ្នាំ១៩៩៨ មកម្លេ៉ះ។ ដំបូងមូលនិធិនេះបានចាប់ផ្តើមធ្វើការអភិរក្សជួសជុលនៅប្រាសាទព្រះខ័ន ប្រាសាទតាសោម និងថែវកូរសមុទ្រទឹក ដោះនៃប្រាសាទអង្គរវត្ត។ ចូលដល់ឆ្នាំ ២០០៤ ទើបមូលនិធិនេះចាប់ផ្តើមធ្វើកិច្ចការស្រាវជ្រាវ និងអភិរក្សជួសជុលនៅ ប្រាសាទភ្នំបាខែង ។
លោកស្រីបន្ថែមថា បន្ទាប់ពីសិក្សាស្រាវ ជ្រាវនិងចងក្រងជាឯកសាររួចរាល់ហើយ នៅឆ្នាំ២០០៦-២០០៧ គម្រោងបានជួស ជុលរួចរាល់ជាស្ថាពរនៅជ្រុងនិរតី។ បន្ទាប់ មកជួសជុលនៅផ្នែកពាក់កណ្តាលមុខ ខាងកើតនៃប្រាសាទ ដោយពង្រឹងឡើង វិញនូវចំណុចខូចខាត និងបាក់ស្រុតហើយបន្តទៅពីរផ្នែកផ្សេងទៀតគឺជ្រុងឦសាន និងជ្រុងអាគ្នេយ៍បានរួចរាល់ជាស្ថាពរ។ បច្ចុប្បន្នកំពុងបន្តជួសជុលរចនាសម្ព័ន្ធផ្នែក ពាក់កណ្តាលមុខខាងកើតនៃប្រាសាទ ព្រមទាំងជួសជុលពង្រឹងឡើងវិញនូវប្រាសាទ រណបជុំវិញផង ហើយគម្រោងនេះអាចនឹង បញ្ចប់នៅចុងឆ្នាំ២០១៩ខាងមុខ ។
លោក ហ៊ុន ប៊ុនវឌ្ឍន៍ ស្ថាបត្យករនៃ គម្រោងជួសជុលប្រាសាទភ្នំបាខែងលើកឡើងថា ភាពទ្រុឌទ្រោមនៃប្រាសាទភ្នំ បាខែងបង្កឡើងដោយកត្តាសំខាន់ៗចំនួន៣គឺកត្តាធម្មជាតិ កត្តាមនុស្ស និងសម្ភារ។ លោកពន្យល់ថា បញ្ហាទឹកភ្លៀងហូរច្រោះ ដើមឈើដុះជ្រៀតថ្មបានបណ្តាលឲ្យរចនាសម្ព័ន្ធប្រាសាទទ្រុឌទ្រោមនិងបាក់រលំគួបផ្សំនឹងសង្រ្គាមក្នុងប្រទេសបណ្តាលឲ្យប៉ះពាល់ដល់ថ្មប្រាសាទនិងគ្មានការថែទាំនៅពេលនោះផង ។
ចំណែកបញ្ហាសម្ភារលោកបញ្ជាក់ថា ប្រាសាទភ្នំបាខែងត្រូវបានបុព្វបុរសធ្វើឡើង ដោយកាត់ថ្មភ្នំទៅជារាងពីរ៉ាមីត ចំណុចណាដែលគាត់មិនអាចកាត់ចេញជារាងជ្រុង ឬត្រីកោណបានគាត់បានរៀបថ្មបាយក្រៀមជំនួសវិញចំណុចនេះហើយ ដែលធ្វើឲ្យជ្រុងនៃប្រាសាទនេះបាក់រលំ។
លោក ហ៊ុន ប៊ុនវឌ្ឍន៍ បន្ថែមថា ការជួស ជុលស្តារឡើងវិញនេះធ្វើឡើងដោយរុះរើផ្នែកដែលទ្រុឌទ្រោមចេញហើយតម្រៀបថ្មចាស់ឡើងវិញ និងជំនួសដោយថ្មថ្មីខ្លះ ត្រង់ចំណុចណាដែលចាំបាច់ខានមិនបាន។ ចំពោះថ្មថ្មីដែលប្រើច្រើនបំផុតគឺនៅត្រង់ កម្រាល ។ ចំណែកតាមជញ្ជាំងវិញក្រុម ការងារបានប្រើប្រាស់ថ្មចាស់ៗដែលនៅសេសសល់។ ចំពោះថ្មថ្មីដែលត្រូវប្រើឡើង វិញមាន២ប្រភេទ គឺមួយប្រភេទជាថ្មថ្មីទាំង ស្រុង និងមួយប្រភេទទៀតជាថ្មដែលបានប្រមូលពីគំនរថ្មប្រាសាទដែលបានគរចោល តាំងពីសម័យដែលបារាំងបានជួសជុលប្រាសាទនេះមក ដោយមានការឯកភាពពីអ្នកជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ។
លោក ជា សារិទ្ធ មន្ត្រីបុរាណវិទ្យានៃ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន អង្គរនិងបុរាណវិទ្យាបង្ការហើយក៏ជាអ្នក ចូលរួមផ្តល់បទពិសោធន៍ និងជួយបណ្តុះបណ្តាលបច្ចេកទេសមួយចំនួនក្នុងការជួស ជុលប្រាសាទនេះដោយផ្ទាល់បានបញ្ជាក់ថា ប្រាសាទភ្នំបាខែងគឺជារាជធានីទី១នៃ សម័យអង្គរ និងជាស្នូលកណ្តាលនៃក្រុង អង្គរឈ្មោះថា «យសោធរ» មានកំពែងដី២ ជាន់ដែលក្នុងមួយជ្រុងមានប្រវែង៤គីឡូ ម៉ែត្រ ។ ប្រាសាទនេះកសាងឡើងនៅ ចុងសតវត្សទី៩ ដើមសតវត្សទី១០ឧទ្ទិស ដល់ព្រហ្មញ្ញសាសនានិកាយព្រះឥសូរ។
ក្រោយមកនៅចុងសតវត្សទី១៦ ប្រាសាទនេះបានប្តូរទៅជាព្រះពុទ្ធសាសនា វិញដូចដែលឃើញមានកសាងរូបព្រះពុទ្ធធំមួយអង្គនៅជាន់ លើបង្អស់ ដោយថ្ម ផ្សេងៗនៃប្រាសាទនិងគ្រឹះនៃប្រាសាទ ឥដ្ឋ។ ដោយឡែកនៅឆ្នាំ១៩២០ពេល បារាំងចាប់ផ្តើមជួសជុលអភិរក្សបានរុះរើថ្មព្រះពុទ្ធរូបទៅទុកនៅជ្រុងខាងត្បូង និង ខាងជើងនៃភ្នំ។ ក្រៅពីការអភិរក្សបារាំងក៏ បានធ្វើកំណាយនៅតួប៉មកណ្តាលដែលមានជម្រៅ៣ម៉ែត្រដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធប្រាសាទ និងបានជួសជុលជញ្ជាំងពីរ៉ាមីតនៅផ្នែកខូចខាតនិងរើតួប៉មប្រាសាទថ្មមួយចំនួនរៀបឡើងវិញ ។
ចាប់ពីឆ្នាំ២០០៤មកអង្គការមូលនិធិប្រាសាទពិភពលោក(WMF)សហការជាមួយអាជ្ញាធរជាតិអប្សរាបានដំណើរការ អភិរក្ស ជួសជុលបន្តពីបារាំងដោយចាប់ ផ្តើមពីជ្រុងនិរតី។ បន្ទាប់ពីម្រោងនេះទទួល បានជោគជ័យអ្នកជំនាញក៏ចាប់ផ្តើមធ្វើ គម្រោងថ្មីនៅផ្នែកខាងកើតភ្នំបាខែងចាប់ពីជណ្តើរកណ្តាលទៅខាងកើតរហូតដល់ខាងជើងជាបន្តបន្ទាប់ ៕ ហេង សូរិយា