ភ្នំពេញ ៖ បើទោះបីជាវិទ្យាសាស្ត្រមាន ការរីកចម្រើនខ្លាំងយ៉ាងណាក្តីក៏បច្ចុប្បន្នផ្នត់គំនិតនៃការជឿទៅលើកម្លាំងក្រៅខ្លួននៅមិនទាន់ រលុបបាត់នៅឡើយ។ ទោះជាយ៉ាងណាងតាមទ្រឹស្តីព្រះពុទ្ធសាសនាជំនឿគ្មានហេតុផលអាចធ្វើឱ្យមនុស្សបាត់បង់បញ្ញា ការ តស៊ូព្យាយាម និងក្តីសង្ឃឹម។
មួយរយៈចុងក្រោយនេះការអួតអាង របស់គ្រូវ័យក្មេងម្នាក់បានធ្វើឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងដល់មហាជន ពិសេសនៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុកអំពីអំនួតនៃការកាប់មិនមុត ដុតមិនឆេះ និងការទស្សន៍ទាយមានបណ្ណធានារបស់ខ្លួន។ ទោះជាយ៉ាងណាជំនឿទាំងនេះរងការរិះគន់យ៉ាងខ្លាំងពីមហាជនរហូតលេចចេញជាការជេរប្រមាថ ឌឺដងផ្លែផ្កាដាក់គ្នាជាហូរហែ។ អ្នកវិភាគបញ្ហាសង្គមមួយចំនួនបានរិះគន់ទៅលើពលរដ្ឋខ្លួនឯងផ្ទាល់ដែលជំងឺសង្គម គ្មានហេតុផលលែងមានម្ចាស់ការ និងមិន ជឿជាក់លើខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណឹង លោកបានរិះគន់ចំៗថា ការណ៍ដែលពល រដ្ឋមានជំនឿដោយខ្វះមូលដ្ឋាននៃការត្រិះរិះពិចារណាទៅលើគ្រូទាយបែបនេះហាក់បង្ហាញឱ្យឃើញថា សង្គមខ្មែរកំពុងខ្វះការ អប់រំ ។ លោកអះអាងយ៉ាងមុតមាំថាមាន តែការអប់រំ និងការប្រមូលសតិមកវិញ របស់ពលរដ្ឋខ្លួនឯងនោះទេដែលអាចដោះស្រាយ និងកាត់បន្ថយបញ្ហាទាំងនោះបាន ហើយសង្គមខ្មែរគួរតែមានយន្តការណា មួយដើម្បីដោះស្រាយទៅលើចំណុចនេះ ផងដែរ ។
ព្រះតេជព្រះគុណព្រះគ្រូនាគមុនីសត្ថា សុខមោ នី សុវណ្ណមុនីរ៉េត ដែលគង់នៅ កុដិលេខ២៤ វត្តនាគវ័ន រាជធានីភ្នំពេញ បានសម្តែងការយល់ឃើញនិងមានថេរ ដីកាថា ចំពោះការធ្លាយព័ត៌មានគ្រូលេចមុខ លេចមាត់មួយចំនួននៅលើបណ្តាញសង្គម ដែលញាតិញោមទាំងឡាយបានឃើញ និងចាប់អារម្មណ៍នោះជាសិទ្ធិរបស់បុគ្គល មួយ។ តែយ៉ាងណាការធ្វើអ្វីមួយដែលចង់ឱ្យគេមើលឃើញថា ល្អពូកែដោយប្រឹង ទាញយកហេតុផលអ្វីផ្សេងមកដាក់ក្នុង ចិត្តសាសនិកជនមិនមែនជាការមួយល្អ នោះទេ។
ប្រសិនបើគ្រូនោះពូកែឆុតមិនចាំបាច់ចេញមុខមាត់ទេគឺល្បីតៗគ្នាហើយញាតិញោមនឹងមកដល់ទីតាំងតែម្តង។ ព្រះអង្គដែលតែងតែចែកទានគ្រប់រូបភាពដល់ជនក្រីក្ររហូតលេចធ្លោអង្គនេះបន្តថា អាត្មាចង់ឱ្យពុទ្ធបរិស័ទចេះពិចារណាក្នុងការជឿលើអ្វីមួយ ហើយការដែលចេះតែទៅរកគ្រូពីមួយទៅមួយនោះនឹងនាំឱ្យខាតពេលបែកអារម្មណ៍មិនល្អនោះទេ។ ការ មើលគ្រូឆុត ឬមិនឆុតមានការជឿលើនិស្ស័យ ជួនកាលយើងមកមើលប៉ះចំថ្ងៃមិនល្អជាន់ជាមួយគ្រូក៏លទ្ធផលចេញមកមិនល្អដែរ។ ដូចនេះទោះជាចង់មានជំនឿលើអ្វីក៏ដោយតែគួរមានការពិចារណាឱ្យល្អហើយគ្រូ សីលអ្វីក៏ដោយគួរតែបញ្ចប់ភាពល្បីបែបនេះបែបនោះក៏ជាការល្អដើម្បីជៀសវាងការ ប៉ះពាល់ដល់បារមីផ្សេងៗ ។
លោកតាអាចារ្យ ម៉ា ដែលមានភាពឆ្អិន ចំពោះកិច្ចការជំនឿបានថ្លែងដែរថា ជំនឿលើកកម្លាំងអរូបីពិតជាមានក្នុងសង្គមខ្មែរ ប៉ុន្តែការជឿលើអ្វីមួយត្រូវស្ថិតក្រោមការ ពិចារណា។ លោកអាចារ្យបន្តថា គ្រូល្បី គេមិនប្រកូកប្រកាសនោះទេ ហើយនិយាយ នេះមិនមែនចង់ផ្តោតលើបុគ្គលណាឡើយសំខាន់ចង់ឱ្យគ្រប់គ្នាមានការពិចារណាហើយរិះគិតផង។ លោកមិនចង់ឱ្យមានការ ខាតបង់លុយកាក់និងទ្រព្យសម្បត្តិអ្វីឡើយ ហើយប្រសិនបើទៅរកគ្រូទាល់តែមាន គោលដៅនិងការប៉ងអ្វីមួយ តែយើងមិន ត្រូវមានចិត្តលោភលន់ឡើយដូចមើលគ្រូនេះមិនត្រូវដូរទៅគ្រូផ្សេងៗតគ្នានោះឡើយ ។ ប្រការល្អគួរខំរកស៊ីចិញ្ចឹមជីវិត ទើបជារឿងមួយល្អជឿងគ្រូនិងមានជំនឿជារឿងមួយផ្សេង ៕ វឌ្ឍនា