ព័ត៌មានទាន់ហេតុការណ៍៖

ផលិតករកម្មវិធី Apsaras Award 2016 បកស្រាយរឿងម៉ាដូណា អត់បានពានប្រជាប្រិយ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងកំប្លែងលោក ពៅ ស៊ូរ៉ែនហៅ ម៉ាដូណាបានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្រោយពីតារារូបនេះបានបង្ហាញអារម្មណ៍កើតទុក្ខមិនសុខចិត្តនិងបង្ហោះវីដេអូព្រោះតែមិនទទួលបានពានប្រជាប្រិយភាពពីកម្មវិធីApsaras Award 2016។ ទោះជាយ៉ាងណាផលិតករកម្មវិធីនេះបានបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងសមត្ថភាពសិល្បៈគ្រប់ទម្រង់Apsaras Award 2016រដូលកាលទីបីរបស់ទូរទស្សន៍អប្សរាបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៩ធ្នូឆ្នាំ២០១៦នាសាលសនិ្នសិទចតុម្មុខដោយមានតារាល្បីៗឈ្មោះទាំង២០រូបត្រូវចូលរួមប្រកួត។

ក្នុងនោះសិល្បករត្រូវឆ្លងកាត់ការប្រឡងប្រភេទវិញ្ញាសាទម្រង់សិល្ប:គ្រប់ទម្រង់មានដូចជាយីកេល្ខោនបាសាក់អាយ៉ៃការសម្តែងសាច់រឿងចម្រៀងសម័យសៀកព្រមទាំងវិញ្ញាសាជាច្រើនទៀតផងដែរ ។ សិល្បករគ្រប់រូបសុទ្ធតែទទួលបានពានម្នាក់មួយលើកលែងតែអ្នកខ្លះទទួលបានពានរង្វាន់ដល់ទៅ២ដែលពានរង្វាន់ពិសេសគឺពាន Super star គឺជាពានរង្វាន់ដែលសិល្បករអាចសម្តែងបានគ្រប់ទម្រង់ និងពានប្រជាប្រិយភាព។

ម៉ាដូណា ដែលបានចូលប្រឡងក្នុងកម្មវិធីខាងលើ បានទទួលពានពានរង្វាន់មនោសញ្ចេតនាកំប្លែងនិងកាចបានល្អ តែប៉ុណ្ណោះ ខណៈដែលពានប្រជាប្រិយភាព ដែលលោកប្រាថ្នាចង់បាន មិនទទួលបានដូចបំណង ដែលធ្វើឲ្យលោកកើតទុក្ខមិនសុខចិត្ត រហូតយំ ស្រែក និងរិះគន់កម្មវិធីខាងលើថា ជាកម្មវិធីអែបអប បក្ខពួកនិយម និងអយុត្តិធម៌សម្រាប់រូបលោក។ ក្នុងខ្សែវីដេអូខ្លីដែលម៉ាដូណាបានបង្ហោះក៏ប្រកាសមិនបន្តឡើងឆាកកម្មវិធីនានារបស់ស្ថានីយទូរទស្សន៍អប្សរានោះទេ ខណៈដែលពានប្រជាប្រិយភាពនៃកម្មវិធីត្រូវបានប្រគល់ជូនដល់កញ្ញា លី ច័ន្ទសីហា និងលោកដែន កក្កដា។

ឆ្លើយតបការរិះគន់ និងកើតទុកមិនសុខចិត្តរបស់តារាសម្តែង និងកំប្លែងរូបនេះលោក ហ្វៃ សំអាង បានបញ្ជាក់ថា ការលើកឡើងរបស់លោក ម៉ាដូណាគឺជារឿងមិនពិត។ លោកបញ្ជាក់ថា តាមគោលការណ៍ដាក់ពិន្ទុ និងសម្រេចឲ្យអ្នកណាម្នាក់ទទួលពាន គឺមានលក្ខខណ្ឌទិសដៅផ្សេងពីគ្នា។ លោកពន្យល់ថា ពាននានាទាំងអស់ទទួលបានត្រូវឆ្លងកាត់ការដាក់ពិន្ទុ និងសម្រេចពីគណកម្មការដែលសុទ្ធសឹងតែជាវីរៈសិល្បករ ទាំងពីពានសម្តែង គោរពពេលវេលាជាដើមលើកលែងតែពានប្រជាប្រិយភាព ដែលត្រូវឆ្លងកាត់ការបោះឆ្នោតតាមរយៈការផ្ញើសាគាំទ្រពីមហាជន។ លោកបន្តថា ការផ្ញើសារគឺធ្វើឡើងដោយក្រុមហ៊ុនទូរស័ព្ទMetfone ហើយសារដែលមហាជនផ្ញើមកគឺក្រុមហ៊ុនជាអ្នកគ្រប់គ្រង។ លោកបញ្ជាក់ដែរថា ប្រសិនបើលោកម៉ាដូណា គិតថាកម្មវិធីនេះអយុត្តិធម៌សម្រាប់រូបលោក នោះគឺអាចសុំការបញ្ជាក់ទិន្នន័យពីខាងក្រុមហ៊ុននោះបាន។

លោកបញ្ជាក់ដែរថា ការមិនបង្ហាញពីចំនួនសារដែលបោះឆ្នោតជាសារធារណៈ ព្រោះតែបារម្ភថាសិល្បករមួយចំនួននឹងអាក់អន់ស្រពន់ចិត្ត ព្រោះតែសារដែលមហាជនផ្ញើមកមានចំនួនតិច។ លោកថា ម៉ាដូណា ទទួលបានពាន សម្តែង កំប្លែង  និងកាច បានល្អ ប៉ុន្តែទម្រង់នៃការសម្តែងផ្នែកមួយចំនួនមានការខ្វះចន្លោះទើបគណៈកម្មការមិនផ្តល់ពានតារា ដែលអាចសម្តែងគ្រប់ទម្រង់បាន។

លោកបន្តថាម៉ាដូណា កំពុងតែមោទនភាពជ្រុលនឹងខ្លួនឯងហើយលោកក៏មិនចង់បន្តពង្រីកបញ្ហានេះឲ្យកាន់តែវែងឆ្ងាយទេគឺលោកស្នើឲ្យលោកម៉ាដូណាពិនិត្យកម្មវិធីប្រកួតប្រជែងមួយចំនួនកន្លងមកដូចជាកម្មវិធីI Am A Singer Cambodia ជាដើមដែលប្រមូលផ្តុំដោយតារាចម្រៀងដែលមានប្រជាប្រិយភាព និងសមត្ថភាពប៉ុន្តែពានរង្វាន់បានទៅលើលោក ដួង វីរៈសិទ្ធិដែលជាតារាចម្រៀងថ្មី គឺតាមរយៈការផ្ញើសារនេះឯង។ លោករំពឹងដែរថា ការប្រតិកម្មនេះនឹងបញ្ចប់ដោយសន្តិវិធី៕ វឌ្ឍនា

img_8562


ចែករំលែក៖