វិស័យបាល់ទាត់របស់ប្រទេសអាហ្វ្រិកខាងត្បូងកំពុងស្ថិតក្នុងភាពសោកសៅ បន្ទាប់ពីខ្សែបម្រើជម្រើសជាតិ Jayden Adams ដែលបានចូលលេងគ្រប់ការប្រកួតវគ្គចែកពូលនៅ FIFA World Cup 2026 បានទទួលមរណភាព។ ដំណឹងនេះត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យគ្រួសាររបស់គាត់ ប៉ុន្តែមូលហេតុនៃការស្លាប់មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
Adams វ័យ 25 ឆ្នាំ លេងឱ្យក្លិប Mamelodi Sundowns ក្នុងលីគកំពូលអាហ្វ្រិកខាងត្បូង ហើយបានជួយក្លិបឈ្នះពាន CAF Champions League រដូវកាល 2025/26។
នៅ World Cup 2026 គាត់បានចូលជម្រើសដំបូងក្នុងការប្រកួតទល់នឹង ម៉ិកស៊ិក និង សាធារណរដ្ឋឆេក ហើយបានប្តូរចូលក្នុងជ័យជម្នះ 1-0 លើកូរ៉េខាងត្បូង ដែលជួយឱ្យក្រុមអាហ្រិ្វកខាងត្បូងឡើងទៅវគ្គជម្រុះចាញ់ធ្លាក់ (Knockout Stage) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup។ បន្ទាប់មក ពួកគេបានចាញ់ កាណាដា នៅវគ្គបន្ទាប់។
លោក Brendine Johnson ដែលជាអ្នកណែនាំរបស់ Adams បាននិយាយថា៖ «ការបាត់បង់នេះបានធ្វើឱ្យមនុស្សគ្រប់គ្នារន្ធត់ចិត្ត។ ទើបតែត្រឡប់ពី World Cup ហើយបែរជាទទួលដំណឹងដ៏សោកសៅបែបនេះ។»
លោកបានបន្ថែមថា៖ «ខ្ញុំទើបតែបាននិយាយជាមួយគាត់កាលពីថ្ងៃព្រហស្បតិ៍។ គាត់មានអារម្មណ៍វិជ្ជមានខ្លាំង និងទន្ទឹងរង់ចាំការវិលត្រឡប់មកលេងបាល់ទាត់បន្ទាប់ពី World Cup។ គាត់បានត្រៀមខ្លួនរួចរាល់សម្រាប់អនាគត។»
Jayden Adams បានចាប់ផ្តើមអាជីពពីថ្នាលយុវជនរបស់ Stellenbosch FC មុនផ្ទេរទៅ Mamelodi Sundowns នៅខែមករា ឆ្នាំ 2025។
គាត់បានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងក្នុងការប្រកួតទល់នឹង ម៉ូសំប៊ិក ឆ្នាំ 2022 និងបង្ហាញខ្លួនសរុប 13 ប្រកួត រកបាន 2 គ្រាប់ ដែលសុទ្ធតែធ្វើបានក្នុងវគ្គជម្រុះ World Cup 2026។
សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ មិត្តរួមក្រុម និងអ្នកគាំទ្ររបស់ Jayden Adams៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច