ខេត្តសៀមរាប៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០១៦ បានចុះជួបសំណេះសំណាល ជាមួយអតីតយុទ្ធជាតិជិត ២ពាន់នាក់មកពីស្រុកអង្គរជ័យ ស្រុកពក និងក្រុងសៀមរាប ដែលជាអតីតយុទ្ធជនចុងក្រោយគេនៅក្នុងខេត្តសៀមរាប ដែលនាយឧត្តមសេនីយ៍បានចុះជួបសំណេះសំណាលដោយផ្ទាល់។
នៅក្នុងជំនូបសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំ និងជំរុញឲ្យថ្នាក់ដឹកនាំសមាគមនៅក្នុងខេត្តខិតខំរៀបចំធ្វើសៀវភៅ បញ្ជីរាយនាម សមាជិកសមាគម តាមឃុំនីមួយៗ ដោយបញ្ជាក់ឲ្យច្បាស់ពីស្ថានភាពជីវភាព និង ស្ថានភាពជាក់ស្តែងរបស់ គ្រួសារអតីតយុទ្ធជន ដោយភ្ជាប់ជាមួយ នូវឧបសម្ព័ន្ធ មានដូចជា រូបថតគ្រួសារ ដែលត្រូវរៀបរៀងតាមលំដាប់ (អ្នកធូរធា មធ្យម អ្នកក្រីក្រ ទ័លលំបាក) ងាយស្រួលគ្រប់គ្រង និងដោះស្រាយបញ្ហាជូនបងប្អូន។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើអតីតយុទ្ធជនទាំងអស់ ចូលរួមក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព តាមរយៈនៃការរួមចំណែកធ្វើជាភ្នាក់ងារ ជាភ្នែកច្រមុះ ឲ្យប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ ដើម្បីផ្តល់ពត៌មានអំពីល្បែងស៊ីសង ការចរាចរគ្រឿងញៀន ឬ បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ដើម្បីឲ្យសមត្ថកិច្ចចាត់ ការបង្ក្រាបមានប្រសិទ្ធភាព ធានាបាននូវភូមិ ឃុំ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា គ្រួសាររស់នៅសុខដុម មានសុភមង្គល។
យោធិនពិការ នៅ នឿម អតីតបញ្ជាការយោធាស្រុក បានសម្តែងក្តីសោមនស្សរីករាយ ចំពោះវិធានការបង្ខិតឲ្យសាខា ឃុំ ភូមិ ផ្សាភ្ជាប់ទំនាក់ទំនងកាន់តែបានជិតស្និទ្ធ ជាមួយសមាជិកសមាគមអតីតយុទ្ធជននៅមូលដ្ឋាន។ លោក នៅ នឿម បានបន្តថា «ពីពេលនេះតទៅ ខ្ញុំលែងខ្វល់ខ្វាយ ឬ ព្រួយបារម្ភអីទៀតហើយ ព្រោះបើខ្ញុំមានបញ្ហា ឬ សំណូមពរអ្វីផ្សេងៗ យើងខ្ញុំ មានសមាគមជួយអន្តរាគមន៍ ដោះស្រាយមិនលំបាក ដូចពេលកន្លងមកនោះទេ»។
លោក នៅ នឿម ក៏បានស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ធ្វើជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជារៀងរហូត ដើម្បីផ្តល់ជាភាពកក់ក្តៅ និងជាក្តីសង្ឃឹម ដល់អតីតយុទ្ធជនកម្ពុជា។
ក្នុងកិច្ចសំណេះសំណាល នាយឧត្តមសេនីយ៍ គន់ គីម ក៏បានប្រកាសផ្តល់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ៤ខ្នង ជូនគ្រួសារអតីតយុទ្ធជន ៤គ្រួសារនៅក្នងស្រុកអង្គរជ័យ និងស្រុកពួក ដែលកំពុងមានជីវភាពទីទ័លលំបាក និងកំពុងត្រូវការចាំបាច់នូវទីជម្រកសមរម្យ។
អតីតយុទ្ធជនទាំង ៤គ្រួសារនោះរួមមាន៖
១៖ ឈ្មោះ មុត សារឿន ជាជនពិការ រស់នៅភូមិយាង ឃុំ ចារឈូក ស្រុកអង្គរជ័យ
២៖ ឈ្មោះ អោក ឈឿម គ្រួសារពលី រស់នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជ័យ
៣៖ ឈ្មោះ វង្ស ចាន់វាសនា ជានិវត្តន៍ជន រស់នៅ ភូមិល្បើក ឃុំក្តីរុន ស្រុកពួក
៤៖ ឈ្មោះ ប៉ាត ពឿន ជនពិការ នៅភូមិគោកដូង ឃុំពួក ស្រុកពួក
លោក ប៉ាត ពឿន តំណាងឲ្យគ្រួសារអតីតយុទ្ធជនទាំង ៤គ្រួសារ បានបង្ហាញក្តីរីករាយ និងក្តុកក្តួលផងដែរ ដោយមិននឹកស្មានថា ពួកលោកមានភ័ព្វសំណាងទទួលបានផ្ទះពីសម្តេចតេជោ សម្រាប់ការរស់នៅឲ្យបានសមរម្យ។
លោក ប៉ាត ពឿន បានបញ្ជាក់ដូច្នេះ «ពួកខ្ញុំនេះ ពិតជាទ័លក្រណាស់ កុំតែបានគុណបុណ្យរបស់សម្តេចតេជោ តាមសំណើនាយឧត្តមសេនីយ៍ គន់ គីម ម៉្លេះ មិនដឹងពេលណាមានលទ្ធភាពសង់បានផ្ទះស្នាក់នៅឡើយ។ សូមអរគុណសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ក្តីករុណាជួយសម្រាលទុក្ខលំបាកយើងខ្ញុំ»៕ ហេង សូរិយា