ព័ត៌មានទាន់ហេតុការណ៍៖

កម្មករកម្មការិនីរោងចក្រលូថៃបន្តធ្វើកូដកម្មព្រោះថៅកែកាត់លុយថ្ងៃដែលកម្មករនាំគ្នាធ្វើបាតុកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្មករកម្មការិនីរោងចក្រលូថៃនៅក្រុងបាវិតបន្តធ្វើកូដកម្មមិនចូលធ្វើការនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដោយសារថៅកែរោងចក្រគម្រាមកាត់លុយរយៈពេលដែលកម្មករកម្មការិនីនាំគ្នាធ្វើបាតុកម្មកន្លងទៅអស់រយៈពេល៥ថ្ងៃដើម្បីទាមទាររកយុត្តិធម៌ដល់កម្មករម្នាក់ត្រូវគេវាយឲ្យរបួសនៅក្នុងបន្ទប់ទឹកដោយក្រុមកម្មករកម្មការិនីចោទថា អ្នកដែលវាយកម្មករម្នាក់ឲ្យរបួសនោះខាងរោងចក្រជាអ្នកជួលឲ្យមកវាយជនរងគ្រោះ។

កម្មករម្នាក់បានឲ្យដឹងថា ការដែលពួកគេបន្តធ្វើកូដកម្មបន្តទៀតនេះ ព្រោះតែថៅកែរោងចក្របាននិយាយថា នឹងមិនបើកលុយឲ្យកម្មករកម្មការិនី ហើយនឹងកាត់ប្រាកខែក្នុងរយៈពេលដែលកម្មករកម្មការិនីនាំគ្នាធ្វើកូដកម្ម។

លោក អ៊ូ សាខឿន អនុប្រធានមន្ទីរការងារឲ្យដឹងថា រឿងដែលកម្មករកម្មការិនីធ្វើកូដកម្មទាមទារហើយក្រុមហ៊ុនខាងរោងចក្រដោះស្រាយករណីវាយគ្នានៅក្នុងរោងចក្រនោះសមត្ថកិច្ចបានសម្របសម្រួលជាមួយជនរងគ្រោះរួចរាល់ និងស្រេចបាច់អស់ហើយ ប៉ុន្តែថ្ងៃនេះការដែលកម្មករកម្មការិនីនាំគ្នាធ្វើកូដកម្មទាមទាមិនឲ្យខាងក្រុមហ៊ុនកាត់លុយថ្ងៃដែលកម្មករកម្មការិនីធ្វើកូដកម្មនាពេលកន្លងទៅនោះ ហើយខាងក្រុមហ៊ុនមិនយល់ព្រមនោះទេ ដោយខាងក្រុមហ៊ុនគេអនុវត្តន៍តាមច្បាប់ការងារ។ ដូច្នេះ ខាងមន្ទីរការងារ និងមន្រ្តីសម្របសម្រួលបើគ្មានមធ្យោបាយដោះស្រាយបានទេ លោកនឹងបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលឲ្យដោះស្រាយបន្ត។

គួររំលឹកថាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ កម្មករកម្មការិនីបាននាំគ្នាធ្វើបាតុកម្មមិនចូលធ្វើការបន្ទាប់ពីមានជនសង្ស័យម្នាក់ វាយទៅលើតំណាងសហជីពសិទ្ធិកម្មករខ្មែរម្នាក់ឲ្យរងរបួស ហើយក្រុមកម្មករកម្មការិនីបានចោទថា ក្រុមហ៊ុមលូថៃជាអ្នកនៅពីក្រោយខ្នងជនដៃដល់ក្នុងរឿងនេះ។

ជនរងគ្រោះដែលត្រូវបានគេវាយនៅពេលនោះមានឈ្មោះ ខឿន លីដា ភេទប្រុស អាយុ២៧ឆ្នាំ ជាសមាជិកសហជីពសហព័ន្ធសិទ្ធិកម្មករខ្មែរប្រចាំរោងចក្រលូថៃ ដែលមានទីតាំងស្ថិតនៅភូមិ-សង្កាត់-ក្រុង ខេត្តស្វាយរៀង។ រីឯជនដៃដល់ឈ្មោះ មុំ តាង ភេទប្រុស អាយុ៣៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនលូថៃដែលទើបនឹងចូលធ្វើការ និងមានទីលំនៅខេត្តកំពត។

ក្រៅពីមានករណីកើតឡើងកម្មករកម្មការិនីបាននាំគ្នាធ្វើកូដកម្មមិនចូលធ្វើការអស់រយៈពេលច្រើនថ្ងៃ ដើម្បីទាមទាររកយុត្តិធម៌ឲ្យជនរងគ្រោះ ហើយត្រូវបានអាជ្ញាធរ មន្រ្តីមន្ទីរពាក់ព័ន្ធដោះស្រាយជាស្ថាពរ ប៉ុន្តែកាលដែលក្រុមកម្មករកម្មការិនីបន្តធ្វើកូដកម្មនៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ ព្រោះតែថៅកែនិយាយថានឹងកាត់ប្រាក់ខែក្នុងរយៈពេលដែលកម្មករកម្មការិនីនាំគ្នាធ្វើបាតុកម្មនាពេលកន្លងមកនោះ៕ យឹម សុថាន

as-6 as as-1 as-2 as-3 as-4 as-5


ចែករំលែក៖