តាមតួលេខថ្មីបំផុតដែលបានប្រកាសកាលពីថ្ងៃទី១២ ខែធ្នូ បានឲ្យដឹងថាមក ទល់ពេលនេះមានមនុស្ស ៥.៩២៧នាក់ ស្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន របស់ប្រធានាធិបតី ឌុយទែរតេ ចាប់តាំងពីលោកកាន់តំណែងរយៈពេល៥ខែកន្លង មក។
សារព័ត៌មានCNNបានផ្សាយថា តាម តួលេខរបស់ប៉ូលិសហ្វុីលីពីន បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ គឺមានអ្នកស្លាប់ដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញៀនរហូតដល់ ៥.៩៣៧នាក់។ ការស្លាប់ទាំងនោះគឺមិនបានឆ្លងកាត់ការកាត់ទោសណាមួយនោះឡើយ។
ក្នុងចំណោមអ្នកស្លាប់មាន ២.០៩៦ នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់ ប៉ូលិសទាហានប្រឆាំងគ្រឿងញៀនបាញ់សម្លាប់ពេលបោសសម្អាតគ្រឿងញៀន និង៣.៨៤១នាក់ ស្លាប់មិនឆ្លងកាត់ការ កាត់ទោសពីតុលាការ។ ក្រៅពីនេះមាន អ្នកប្រើប្រាស់ជាង ៤០ពាន់នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។
កម្លាំងប៉ូលិសហ្វុីលីពីនបានឲ្យដឹងថាចាប់តាំងពីខែកក្កដាមកទល់ពេលនេះ ប៉ូលិសបានគោះទ្វារផ្ទះដើម្បីចាប់ខ្លួនជនប្រើប្រាស់គ្រឿងញៀន។ នេះគឺជាផ្នែកមួយនៅក្នុងយុទ្ធនាការបោសសម្អាតអ្នកប្រើប្រាស់ ជួញដូរគ្រឿងញៀនរបស់ប្រធានា ធិបតីឌុយទែរតេ ចាប់តាំងពីលោកឡើង កាន់តំណែងប្រធានាធិបតីមក។
លោកឌុយទែរតេបានជាប់ជាប្រធានាធិបតីហ្វុីលីពីនកាលពីខែឧសភា ដោយសារ តែការសន្យាមុឺងម៉ាត់របស់លោកនៅក្នុងការបោសសម្អាតជនល្មើសពិសេសគឺជន ល្មើសគ្រឿងញៀន។ ជាមួយគ្នានោះ សង្គ្រាមប្រឆាំងគ្រឿងញៀនបង្ហូរឈាមក៏ បានចាប់ផ្តើមឡើង ហើយអនុញ្ញាតឲ្យ កម្លាំងទាហានប៉ូលិសបាញ់សម្លាប់អ្នក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយគ្មានទោស។
យុទ្ធនាការខាងលើរបស់ហ្វុីលីពីនបានធ្វើឲ្យសហគមន៍អន្តរជាតិប្រឆាំង ក្នុងនោះ មានអាមេរិកជាដើម។ ហេតុនោះហើយ បានជាទំនាក់ទំនងរវាងហ្វីលីពីននឹងអាមេរិកត្រូវប្រេះឆា ហើយហ្វុីលីពីនក៏បានងាកទៅរកចិនវិញ៕ ម៉ែវ សាធី