ព័ត៌មានទាន់ហេតុការណ៍៖

នាយប៉ុស្ដិ៍លាយបូរថាការបិទសំណុំរឿងព្រហ្មទណ្ឌដោយសារលុយ៥លានរៀលមិនមែនលោកតែម្នាក់ឯងទេ

ចែករំលែក៖

ខេត្តតាកែវ ៖ ក្រោយពីមានរឿងរ៉ាវដ៏ ចម្រូងចម្រាសនិងមានការក្ដៅក្រហាយពី

សំណាក់ប្រជាពលរដ្ឋផងនោះលោក ស៊ី វីនដា នាយប៉ុស្ដិ៍រដ្ឋបាលលាយបូរស្រុក ត្រាំកក់ខេត្តតាកែវបានចេញមុខបំភ្លឺថា មិនមែន មានតែលោកម្នាក់ឯងទេដែលហ៊ានបិទ សំណុំរឿងព្រហ្មទណ្ឌដោយសារលុយ៥លានរៀលនោះទេក្នុងនោះក៏មានអធិការស្រុកត្រាំកក់២រូបទៀតដែរ ។

លោកនាយប៉ុស្ដិ៍បានបន្ថែមទៀតថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ មានករណី អំពើហិង្សាមួយបានកើតឡើងនៅក្នុងមូលដ្ឋានដោយជនដៃដល់មានគ្នា២នាក់វាយទៅលើជនរងគ្រោះម្នាក់ឯងបណ្ដាលឲ្យ បាក់ថ្គាមស្ដាំរងរបួសធ្ងន់ ។

រឿងនេះលោកបានរាយការណ៍ជូនទៅ លោក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់ និងលោកអធិការរងផ្នែកព្រហ្មទណ្ឌមួយរូបទៀតដោយអះអាងថា ភាគីជនដៃដល់ព្យាយាមសម្របសម្រួលហើយក៏ត្រូវរ៉ូវគ្នាក្នុងតម្លៃ៥លានរៀល។ លោកនាយប៉ុស្ដិ៍បាន

បន្ថែមថា ក្រោយពីលោកបានរាយការណ៍ជូនលោកអធិការ និងអធិការរងផ្នែកព្រហ្មទណ្ឌរួចហើយពួកមេៗក៏បានឲ្យលោក បញ្ចប់លើសំណុំរឿងហ្នឹងទៅកុំឲ្យមានរឿង វែងឆ្ងាយ។ ដូច្នេះលោកក៏បានបញ្ចប់តែម្ដងទៅដោយយកលុយឲ្យជនរងគ្រោះ៥ លានរៀល។ ចំណែកជនដៃដល់មានសេរី ភាពធម្មតាវិញ ។

លោកនាយប៉ុស្ដិ៍បានបន្ថែមទៀតថា ដល់ពេលបែករឿងខាងលើលោកព្យាយាម ទៅយកលុយពីជនរងគ្រោះ៥លានរៀល មកឲ្យខាងជនដៃដល់វិញតែមិនជួប ព្រោះពួកគាត់រវល់តែព្យាបាលកូននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ជុំវិញករណីខាងលើអ្នកយកព័ត៌មាន នគរវត្តមិនអាចសុំការបំភ្លឺពីលោកអធិការ និងលោកអធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌស្រុកត្រាំកក់បានទេដោយទូរស័ព្ទ ចូលតែមិនមានអ្នកទទួល ។

លោក សួន ផុន ស្នងការរងទទួលផែនយុត្តិធម៌កណ្ដាលនៃស្នងការនគរបាលខេត្ត តាកែវបានចេញមុខអះអាងថា លោកបានឲ្យមន្ត្រីជំនាញបញ្ជូនសំណុំរឿងនេះឡើងមកស្នងការនិងបន្ដបញ្ជូនទៅសាលាដំបូងខេត្តតាកែចាត់ការតាមនីតិវិធីហើយ។ ចំណែកក្រុមមន្រ្តីនគរបាលយុត្តិធម៌ដែលហ៊ានបញ្ចប់សុំណុំរឿងព្រហ្មទណ្ឌទទួលទោសតាមផ្លូវច្បាប់ ។

លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែមួយរូបសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មន្រ្តីនគរបាលយុត្តិធម៌ពុំ មានសិទ្ធិបញ្ចប់សំណុំរឿងព្រហ្មទណ្ឌទេ ព្រោះជាបទល្មើសហើយសំណុំរឿងនេះ មិនអាចបញ្ចប់បានដោយសំណងរដ្ឋ ប្បវេណីនោះទេ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ បានកើតមានករណីហិង្សាមួយនៅចំណុចលក់សាច់ឆ្កែក្នុងភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវដោយ ជនដៃដល់មានគ្នា២នាក់។ ចំណែកជនរងគ្រោះមានតែម្នាក់ឯងហើយជនដៃដល់ បានព្រួតគ្នាវាយលើជនរងគ្រោះបណ្ដាលឲ្យបាក់ថ្គាមខាងស្ដាំរបួសធ្ងន់ធ្ងរព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ៕ ជីសូរកា

 


ចែករំលែក៖