ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវ ស្លាប់ម្នាក់ របួស២នាក់នៅចំការមន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និង២នាក់ទៀតរបួសធ្ងន់ និងស្រាល ខណ:ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវ២៧១ កែងផ្លូវ៤៨០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ភ្នំពេញ ។

សាក្សីប្រាប់ថា មុនកើតហេតុគេបានឃើញបុរស៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Dream សេរីឆ្នាំ២០១៦ ស្លាកលេខភ្នំពេញ 1FW-5451 តាមផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះជិះមកដល់ចំណុចកើតហេតុត្រង់ផ្លូវកែងលេខ៤៨០ ក៏មានរថយន្តLexus Rx 300 ពាក់ស្លាកលេខភ្នំពេញ2P-2159 ដែលបើកដោយបុរសម្នាក់បានលើផ្លូវ២៧១ នោះហើយបានបត់ចូលមកផ្លូវ៤៨០ ស្របពេលនោះម៉ូតូរបស់បុរសទាំង៣ បានមកដល់ដែរ តែដោយសាររថយន្តនិងម៉ូតូបើកល្បឿនលឿនដូចគ្នា មិនអាច់ចាប់ហ្រ្វាំងបានក៏បានបុកគ្នា បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូហោះផ្លោង ទៅបុកផ្ទុបនឹងកញ្ចក់រថយន្តបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗ នៅកន្លែង ចំណែកអ្នករួមដំណើរជាមួយ២នាក់ទៀត បានរបួសធ្ងន់ និងស្រាល ត្រូវបានបញ្ជួនទៅសង្គ្រោះបន្ទាន់ ។

រីឯរថយន្តវិញ បន្ទាប់ពីបុកហើយ ម្ចាស់បានបើករត់បានប្រមាណជា១០០ម៉ែត្រ ក៏ឈប់រថយន្តបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា បុរសដែលស្លាប់ឈ្មោះ ម៉ា វិឆៃ រស់នៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកនអង្គរបុរី ខេត្តតាកែវ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត រីឯមធ្យោបាយទាំង២គ្រឿង ត្រូវស្ទួចយកទៅរក្សាទុក នៅស្នងការនគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា៕

90


ចែករំលែក៖