ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាសន្យាជួយអភិវឌ្ឍន៍វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន ខេត្តតាកែវ ដល់និស្សិតកម្ពុជាវគ្គបណ្ដុះជំនាញសហគ្រិនភាព

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា គ្រោងជួយបន្តកសាងអភិវឌ្ឍមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ ក្នុងខេត្តតាកែវ គឺវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុ សែន តាកែវ ដើម្បីបណ្ដុះបណ្ដាលជំនាញសំខាន់ៗ ចំនួន៣ ដល់និស្សិតកម្ពុជា ពិសេសលើជំនាញសហគ្រិនភាព ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ លោក ណាវិន ស្រីវ៉ាតាវ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ស្ដីការក្រសួងការងារ ។

លោក ពេជ សោភ័ន បានឲ្យដឹងថា «ជំនាញសំខាន់ៗទាំង៣ ដែលឥណ្ឌាមានបំណងចង់ជួយជ្រោមជ្រែងដល់កម្ពុជានោះ រួមមាន៖ ទី១.ជំនាញអក្សរសាស្រ្តអង់គ្លេស, ទី២.ជំនាញសហគ្រិនភាព ដើម្បីបណ្ដុះបណ្ដាលយុវជន និងនិស្សិតកម្ពុជា ឲ្យចេះចាប់យកឱកាសបង្កើតអាជីវកម្ម មុខរបររកស៊ី, និងទី៣.ជំនាញការងារមួយចំនួន ដែលទីផ្សារការងារបច្ចុប្បន្ន កំពុងត្រូវការជាចាំបាច់ ដូចជាជំនាញកុំព្យួទ័រ ព័ត៌មានវិទ្យាជាដើម»។

លោករដ្ឋលេខាធិការ បានបន្តថា គម្រោងអភិវឌ្ឍជំនាញក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន ខេត្តតាកែវនេះ ភាគីកម្ពុជាបានចូលរួមផ្ដល់នូវអគារសិក្សា គ្រូបណ្ដុះបណ្ដាល និងមន្រ្តីជំនាញមួយចំនួន សម្រាប់ធ្វើការជាមួយភាគីឥណ្ឌា ហើយក្រៅពីនេះ ជាបន្ទុករបស់ភាគីឥណ្ឌា ដែលសុទ្ធតែជំនួយឥតសំណងទាំងអស់ ប៉ុន្តែការងារទាំងនេះ ស្ថិតក្នុងកិច្ចពិភាក្សារួមគ្នានៅឡើយរវាងភាគីកម្ពុជា និងភាគីឥណ្ឌា។

លោកបន្តថា ការងារទាំងនេះ សុទ្ធតែជាគោលនយោបាយរបស់រាជររដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅសម្រេចបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

ក្រៅពីជំនួយលើគម្រោងខាងលើ រដ្ឋាភិបាលឥណ្ឌាបានជួយឧបត្ថម្ភសម្ភារៈមួយចំនួន ដល់វិទ្យាស្ថានសហគ្រិនភាពកម្ពុជា-ឥណ្ឌា ក្នុងរាជធានីភ្នំពេញ និងបានផ្ដល់កុំព្យួទ័រមួយចំនួន ដល់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផងដែរ ដែលនឹងត្រូវបើកសម្ពោធក្នុងពេលខាងមុខ ហើយវិទ្យាស្ថានទាំងពីរនេះ ត្រូវបានលោកបណ្ឌិត ពេជ សោភ័ន បញ្ជាក់ថា មានទាំងនិស្សិតឥណ្ឌូណេស៊ី និងហ្វីលីពីន មកសិក្សាជាមួយនិស្សិតកម្ពុជា ទៀតផង។

សូមជម្រាបថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន ខេត្តតាកែវ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២ ហើយបច្ចុប្បន្ន មាននិស្សិតមកពីទូទាំងខេត្តតាកែវ និងមកពីខេត្តជុំវិញ ចូលសិក្សាមានចំនួនសរុប ៦០០នាក់។ ដោយឡែក ក្រៅពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន ខេត្តតាកែវខាងលើ កម្ពុជាមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចំនួន ៤ភូមិភាគទៀត គឺមានភូមិភាគបាត់ដំបង ភូមិភាគសៀមរាប ភូមិភាគកំពត និងភូមិភាពស្វាយរៀង៕ តារា

img_2767 img_2768 img_2769 img_2770


ចែករំលែក៖