ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញរួមនិងលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបើកការដ្ឋានស្ថាបនាជួសជុលនិងចាក់អ៊ុតកៅស៊ូ AC ផ្លូវចំនួន៦ខ្សែ ដែលមានប្រវែងសរុប ៦.១៨២ម៉ែត្រ ទទឹងចាប់ពី៧ម៉ែត្រ ដល់១៥ម៉ែត្រ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាផ្នែកមួយ ស្ថិតក្នុងយុទ្ធនាការជួលជុល និងអ៊ុតកៅស៊ូ ផ្លូវចំនួន៥៧ខ្សែ ក្នុងខណ្ឌទាំង៩ ឲ្យរួចរាល់ក្នុងរយៈពេល៣ខែ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានថ្លែងថា កន្លងមក គណៈអភិបាលរាជធានីភ្នំពេញ ជានិច្ចកាលតែងតែបានយកចិត្តទុកដាក់គិតគូពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ។ ជាក់ស្តែងថ្ងៃនេះរដ្ឋបាលរាជធានី បានបើកការដ្ឋានជួសជុលកែលម្អផ្លូវចំនួន៦ខ្សែ ជាប្រភេទផ្លូវអ៊ុតកៅស៊ុបេទីមីណឺ ដែលមាន ៖ ផ្លូវលេខ៣៦៩ ចាប់ពីផ្លូវជាតិលេខ១ដល់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌច្បារអំពៅ ផ្លូវលេខ៣៥៥ចាប់ពីអង់តែនទួលគោគដល់រង្វង់មូលកាំកូ ផ្លូវលេខ២៨៧ចាប់ពីផ្លូវលេខ៥១៦ដល់ផ្លូវលេខ៦០៨ ផ្លូវលេខ៦០៨ចាប់ពីផ្លូវលេខ៥៩៨ដល់ផ្លូវលេខ១៣២ ផ្លូវលេខ៦១៤ចាប់ពីផ្សារទួលគោកដល់ផ្លូវ៦០៨ និងផ្លូវលេខ៦១៦ចាប់ពីផ្លូវលេខ២៨៧ដល់ផ្លូវលេខ៦០៨ ។
គួរបញ្ជាក់ថា អភិបាលរាជធានី បាននិងកំពុងបើកយុទ្ធនាការជួលជុលនិងអ៊ុតកៅស៊ូផ្លូវចំនួន៥៧ខ្សែក្នុងខណ្ឌទាំង៩ ដោយមានក្រុមហ៊ុនចំនួន៦ រោងចក្រលាយកៅស៊ូចំនួន៦ ក្រុមអ៊ុតកៅស៊ូចំនួន១០ក្រុម អនុវត្តន៍ទាំងយប់ទាំងថ្ងៃ ដោយឡែកនៅក្នុងផែនការក៏នឹងមានគម្រោងជួសជុលស្ថាបនាផ្លូវជាច្រើនខ្សែទៀត ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរ និងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ស្របទៅតាមកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្ត នាពេលបច្ចុប្បន្ននេះ។
លោកបានបន្តថា ផ្លូវមួយចំនួនក្នុងខណ្ឌទួលគោក គឺជាផ្លូវកៅស៊ុ ដែលបានស្ថាបនាជាយូរឆ្នាំមកហើយ និងជាទីតាំងដែលទទួលរងនូវការលិចលង់យ៉ាងខ្លាំង នៅក្នុងរដូវវស្សា។ ឆ្លងតាមការប្រើប្រាស់រយៈពេលច្រើនឆ្នាំ ស្របពេលដែលមានការអភិវឌ្ឍ សំណង់អគារធំៗ និងសំណង់លំនៅដ្ឋាន តម្រូវការតាមកំណើនប្រជាជន និងការរីកចម្រើនទីក្រុងនោះ ផ្លូវមួយចំនួននេះ មានភាពសិករេចរឹល ផតស្រុត ប្រេះបែកខូចគ្រឹះ មានជង្ហុក និងដក់ទឹកដោយកន្លែង ដែលទាមទារឲ្យធ្វើការជួសជុល និងថែទាំងខួប។
ក្នុងឱកាសនោះដែរ លោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងកំណាត់ផ្លូវខាងលើ មេត្តាចូលរួមសហការនិងផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដល់ក្រុមការងារការដ្ឋានដើម្បីឲ្យការងារនេះ សម្រេចបានតាមផែនការ ដែលបានគ្រោងទុកព្រមទាំងសំណូមពរឲ្យមានការយោគយល់អធ្យាស្រ័យចំពោះការរំខាន ដោយសកម្មភាពការដ្ឋាន។
លោកអភិបាលរងសាលារាជធានីភ្នំពេញ សង្ឃឹមថា ក្រោយពីការស្ថាបនាកែលម្អផ្លូវនេះរួច នឹងអាចដោះស្រាយការកកស្ទះចរាចរធានាបាននូវសុវត្ថិភាពចរាចរ និងបើកបរគោរពច្បាប់ចរាចរណ៍ ប្រកបដោយសុវត្ថិភាព។ លោកស៊ុយ សារិទ្ធ ក៏បានណែនាំទៅក្រុមហ៊ុនត្រូវស្ថាបនាផ្លូវទាំងនោះឲ្យស្របតាមបទដ្ឋានបច្ចេកទេស ចៀសវាការលួចកេងបន្លំខ្សាច់ ដែក និងស៊ីម៉ងត៍ ដែលជាហេតុធ្វើឲ្យផ្លូវ មិនមានភាពជាប់ធន់រឹងមាំ និងមិនអាចប្រើបា្រស់បានយូរអង្វែងផងដែរ ៕ តារា