ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តយកថ្ងៃទី២៦ ធ្នូ បន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥

ចែករំលែក៖

ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចអគ្គមហាពញាចក្រីហេង សំរិន បានផ្សព្វផ្សាយថា៖ «គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តយកថ្ងៃទី២៦ ធ្នូ បន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោក ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ឆ្នាំ២០១៦ នេះ ខ្ញុំបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈចំនួនពីរ ដោយក្នុងនោះ អង្គប្រជុំគណៈ កម្មាធិការអចិន្រៃយ៍រដ្ឋសភា បានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ នូវសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ មាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

បន្ទាប់មកកិច្ចប្រជុំ បានអនុម័តយកថ្ងៃទី២៦ធ្នូ ឆ្នាំ២០១៦ បន្តសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាខ្លះ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរីកចម្រើនលើគ្រប់វិស័យជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាអាទិ៍ ផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងផ្លូវអាកាស ដែលបង្កើតជាប្រព័ន្ធដឹកជញ្ចូនប្រទាក់ក្រឡាគ្នាដ៏មានសក្តានុពលក្នុងប្រទេស និងតំបន់ ហើយបានរុញច្រានសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារឲ្យមានការរីកចម្រើនគួរជាទីមោទនៈ។

ទន្ទឹមនឹងនេះក៏មានការលេចចេញនូវសកម្មភាពចរាចរណ៍មមាញឹកខ្លាំង បង្កការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដោយសារការបើកបរលឿនហួសល្បឿនកំណត់ ក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសិទ្ធិអាទិភាព ជាដើម។

វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ មាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ កន្លងមក ខ្ញុំ មានសង្ឃឹមថា នឹងអាចជំរុញដល់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ នៅព្រះរាជាណាចក្រកម្ពុជាយើងឲ្យកាន់តែល្អប្រសើរជាលំដាប់» ៕

44 33


ចែករំលែក៖