ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតប៊ែលធី៦០នាក់ពាក់កន្សែងចូលជាយុវជនកាកបាទក្រហមកម្ពុជាថ្មីនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី បំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ៦០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

តាមរបាយការណ៍លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ ប៊ែលធី បានបើកវគ្គបណ្ដុះបណ្ដលជាមូលដ្ឋានលើកទី១ ជូនដល់និស្សិតប៊ែលធី ចំនួន៦០នាក់ដែលជាយុវជនកាកបាទក្រហមកម្ពុជាថ្មី ចាប់ពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការគាំទ្រយ៉ាងពេញទំហឹងទាំងសម្ភារៈ ទាំងថវិកា និងស្មារតីពីសំណាក់ ឯកឧត្តមសាកលវិទ្យាធិការ និងជាប្រធានកិត្តិយស ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ និងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។ លោកបានបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដោតសំខាន់ទៅលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖

១. ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្ដរជាតិ និងច្បាប់មនុស្សធម៌អន្ដរជាតិ

២. គោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមកម្ពុជា ចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ

៣. ខ្លឹមសារគោលនយោបាយ និងការងារគ្រប់គ្រងក្លឹបយុវជនកាកបាទក្រហមកម្ពុជា

៤. ស្វែងយល់ និងអនុវត្តពីវិជ្ជាសង្គ្រោះបឋម

៥. សិក្សាស្វែងយល់ពីសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ល។

ជាមួយគ្នានោះផងដែរ លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ តាមរយៈ ប៊ែលធី សប្បុរសធម៌ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្ស-និស្សិតប៊ែលធី បានចូលរួមសកម្មភាពសង្គមជាច្រើន ដូចជា ការបរិច្ចាគឈាម ការងារមនុស្សធម៌ (ដោយបានផ្តល់អំណោយជូនចាស់ជរា ស្រ្តីមានផ្ទៃពោះ ក្មេងកំព្រា និងប្រជាជនក្រីក្រតាមមូលដ្ឋាន) ការដាំកូនឈើ ការសម្អាត បរិស្ថាន និងសកម្មភាពមនុស្សធម៌ជាច្រើនផ្សេងៗទៀត។ ដោយបានឃើញនូវសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្ងៃនេះ និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ៦០នាក់ បានពាក់កន្សែងចូលជាសមាជិកយុវជនកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងសង្គមរបស់កាកបាទក្រហម កម្ពុជាបន្តបន្ទាប់ទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហម កម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ សូមអោយនិស្សិតប៊ែលធីទាំងអស់នាំគ្នារៀនសូត្រ និងចូលរួមសកម្មភាពសង្គមជាច្រើន ដូចជា ការបរិច្ចាគឈាម ការងារមនុស្សធម៌ ។

ជាទីបញ្ចប់ លោក ពិត ចំណាន បានបំពាក់កន្សែងជូនដល់និស្សិតប៊ែលធីទាំង ៦០នាក់ ដែលជាយុវជនកាកបាទក្រហមកម្ពុជាថ្មី និងបានថតរូបអនុស្សាវរីយ៍ជុំគ្នានាពេលនោះផងដែរ ៕ ស រស្មី
unnamed

unnamed-1 unnamed unnamed-1
unnamed-2

unnamed-5 unnamed-3 unnamed-4


ចែករំលែក៖